ផុសវីដេអូជេរប្រមាថសមត្ថកិច្ចឥតឈប់តាមតិកតុក ពេលសមត្ថកិច្ចចុះទៅអប់រំ ទើបដឹងថាគាត់មានបញ្ហាបែបនេះ
ខេត្តតាកែវ ៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តតាកែវ បានឲ្យដឹងថា នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរវៀង បានចុះធ្វើការអប់រំ កែប្រែ និងធ្វើកិច្ចសន្យាណែនាំដល់ឈ្មោះ មាន វាសនា ហៅ ឈឿន ភេទប្រុស អាយុ៤១ឆ្នាំ មានទៅលំនៅភូមិត្រពាំងស្ទោង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានប្រើប្រាស់បណ្តាញសង្គម TikTok ឈ្មោះ បងឈី 63400 តែងតែបង្ហោះនូវវីដេអូរលើបណ្តាញសង្គម TikTok ជេរប្រមាថ មាក់ងាយមកលើសមត្ថកិច្ចក៏ដូចជាអាជ្ញាធរមូលដ្ឋានធ្វើឱ្យសាធារណៈជនមានការយល់ច្រឡំមកលើកងកម្លាំងមានសមត្ថកិច្ច។

សូមបញ្ជាក់បុគ្គលឈ្មោះ មាន វាសនា ហៅឈឿន ធ្លាប់រងនូវគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ (របួសក្បាលធ្ងន់ធ្ងរ) កាលពីអំឡុងឆ្នាំ២០២០ ក្រោយពីព្យាបាលរបួស ក៏មានបញ្ហាក្នុងគ្រួសារ រហូតមានអំពើហិង្សា ក៏បានវាយប្រពន្ធ (ខឹងប្រពន្ធលេងល្បែង) ធ្វើឱ្យប្រពន្ធដាក់ពាក្យសុំលែងលះ បន្ទាប់ពីអាជ្ញាធរធ្វើការសម្របសម្រួលមិនត្រូវគ្នា។ ស្ថិតក្នុងស្ថានភាពវិបត្ថិផ្លូវចិត្តបូករួមទាំងជម្ងឺប្រចាំកាយ ឈ្មោះ មាន វាសនា ហៅឈឿន តែងតែថតវីដេអូបង្ហោះលើបណ្តាញសង្គម ក្នុងលក្ខណៈរវើរវាយ ម្តងម្កាល ពេលខ្លះក៏ធម្មតា មិនដែលបង្កបញ្ហាអ្វីនៅក្នុងមូលដ្ឋាននោះឡើយ។
អាស្រ័យហេតុនេះ សូមសាធារណៈជន ក៏ដូចជាសារព័ត៌មានមួយចំនួន ដែលនិយមតាមដានលើបណ្តាមសង្គម ជ្រាប ជៀសវាងការយល់ច្រលំ ឬធ្វើការសរសេរមាតិការព័ត៌មានផព្វផ្សាយ ដែលផ្ទុយពីការពិត៕

