ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាដំណើរការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចប្រមាណ ៧០ភាគរយហើយ

    BY Khmernote Media April 8, 2022
    អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាដំណើរការជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ បានសម្រេចប្រមាណ ៧០ភាគរយហើយ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារតាកាវនៅភាគខាងលិចរបស់ក្រុងអង្គរធំ បានសម្រេចលទ្ធផលប្រមាណ ៧០ភាគរយហើយរហូតមកដល់ពេលនេះ។

    ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសជួសជុលខ្លោងទ្វារតាកាវ កញ្ញា ម៉េង សុវណ្ណលីលីន មានប្រសាសន៍ថា គិតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជួសជុលបានជួយសង្គ្រោះការខូចខាតរបស់ខ្លោងទ្វារតាកាវឱ្យប្រសើរឡើងវិញជាច្រើនចំណុច ដូចជា រូបដំរីទាំង៤ដែលខូចខាតធ្ងន់ធ្ងរ តែបានជួសជុលជិតរួចរាល់ មុខព្រហ្មខាងលិច និងខាងជើងដែលត្រូវជួសជុលត្រឹមម្កុដ ក៏ជិតរួចរាល់ដែរ។ ចំណែក មុខព្រហ្មខាងកើត និងខាងត្បូងកំពុងជួសជុលបន្ត។

    កញ្ញា ម៉េង សុវណ្ណលីលីន បន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី០៨ ខែមេសានេះ ក្រុមការងារជួសជុលខ្លោងទ្វារតាកាវបានសម្រេចលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារជួសជុលមុខព្រហ្មឱ្យហើយរួចរាល់ ដើម្បីឈានទៅដល់ការជួសជុលកំពូលទាំង៤របស់ខ្លោងទ្វារតាកាវដែលជាជំហានជួសជុលចុងក្រោយ។

    ដោយសារអាយុកាល អាកាសធាតុ ធម្មជាតិនិងកត្តាមនុស្សបណ្តាលឱ្យបង្កាន់ដៃរបស់ខ្លោងទ្វារដែលមានរូបយក្ស និងទេវតាជាច្រើនដួលរលំហើយរចនាសម្ព័ន្ធរបស់ខ្លោងទ្វារមួយភាគធំ ដូចជា រូបដំរីទាំង៤ និងមុខព្រហ្មជាដើមបានរងការខូចខាតខ្លាំង ដែលតម្រូវឱ្យធ្វើការជួសជុលនិងសង្គ្រោះជាចាំបាច់។

    ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានធ្វើការងារជួយសង្គ្រោះខ្លោងទ្វារតាកាវចាប់តាំងពីអំឡុងខែធ្នូ ឆ្នាំ២០១៩ ហើយគម្រោងនេះមានរយៈពេលប្រមាណ២ឆ្នាំដើម្បីអនុវត្ត ហើយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបគម្រោងជួសជុលខ្លោងទ្វារនេះជាផ្លូវការបានចាប់ផ្ដើមឡើង៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post: