អន្តរជាតិ

ក្រុងសៀងហៃបន្តរកឃើញករណីមរណភាពដោយកូវីដ-១៩ ចំនួន ៧នាក់បន្ថែមទៀត

BY
Pheakdey
April 19, 2022

ចិន៖ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានប្រកាសពីការរកឃើញអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ចំ​នួន ៧នាក់បន្ថែមទៀតសម្រាប់របាយការណ៍នៅក្នុងថ្ងៃអង្គារ ទី១៩ ខែមេសានេះ ខណៈតួលេខនេះគឺមានការកើនឡើង បើប្រៀបធៀបជាមួយរបាយការណ៍កាលពីថ្ងៃកន្លងទៅ ។ គួររម្លឹកជូនថា កាលពីថ្ងៃច​ន្ទដើមសប្តាហ៍នេះគឺជាថ្ងៃដំបូងដែលអាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានផ្តើមរកឃើញអ្នកស្លាប់ដោយដោយកូវីដ-១៩ ដោយពេលនោះតួលេខអ្នកស្លាប់មានចំនួនត្រឹម ៣នាក់ប៉ុណ្ណោះ ដូចនេះបើសរុបត្រឹមពេលនេះគឺក្រុងសៀងហៃមានតួលេខអ្នកស្លាប់ចំនួន ១០នាក់។

ដោយឡែកសម្រាប់ករណីឆ្លងថ្មីឯណោះវិញក៏មានការកើនឡើងយ៉ាងគំហុកផងដែរ ដោយគិតជាមធ្យមក្រុងសៀងហៃមានតួលេខអ្នកឆ្លងជាង ១ពាន់នាក់ក្នុងមួយថ្ងៃបើគិតត្រឹមរយៈពេល ៧ ថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងផងដែរថា រលកនៃជំងឺកូវីដ-១៩ ហាក់កំពុងរាតត្បាតខ្លាំងឡើងៗនៅក្នុងប្រទេសចិន ហើយសូម្បីតែតួលេខអ្នកឆ្លងថ្មីនៅក្នុងទីក្រុងប៉េកាំង ដែលជាក្រុងកំពុងអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតកូវីដ-១៩​ឲ្យស្ថិតនៅកម្រិតសូន្យ (Zero-Covid Policy) នោះក៏មានការកើនឡើងផងដែរ តែមិនទាន់ដល់កម្រិតធ្ងន់ធ្ងរនោះទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាជ្ញាធរសុខាភិបាលចិនបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួនជាង ១,៨ សែននាក់ និងស្លាប់ជាង ៤,៦ពាន់នាក់៕

អត្ថបទ៖ ភក្តី

ប្រភព៖  Channel News Asia

Share This Post: