ផ្អើលពេញវិមានកាពីតូលអាមេរិក ក្រោយសញ្ញាប្រកាសអាសន្នមួយបានបន្លឺឡើងដោយខុសបច្ចេកទេស
- BY
- Pheakdey
- April 21, 2022
អាមេរិក៖ កាសែត បាងកកប៉ុស្តិ៍ បានរាយការណ៍ថា បុគ្គលិកនៅក្នុងវិមានកាពីតូលរបស់សហរដ្ឋអាមេរិកបានត្រៀមធ្វើការជម្លៀសខ្លួនជាបន្ទាន់ក្រោយពួកគេបានស្តាប់ឮការប្រកាសអាសន្នពីការវាយប្រហារមួយ តែការទាញសញ្ញាអាសន្ននោះគឺជាការធ្វើឡើងដោយកំហុសបច្ចេកទេសប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី២០ ខែមេសាកន្លងទៅ ហើយសកម្មភាពដ៏កម្រនេះមិនបានបង្កឲ្យមានអ្នកណាម្នាក់ត្រូវរងគ្រោះថ្នាក់ ឬបង្កឲ្យមានការខូចខាតអ្វីដែរ ព្រោះវាបានកើតឡើងក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។

ប្រភពខាងលើបាបន្តថា ភ្លាមៗក្រោយមានហេតុការណ៍ខាងលើនេះ ពោលគឺនៅម៉ោង ៦ និង ៣០នាទីល្ងាច ប៉ូលិសការពារវិមានកាពីតូលបានចេញមកបកស្រាយថា មុនពេលកើតហេតុគឺគេកំពុងតែដានយន្តហោះមួយគ្រឿងដែលគេគិតថាទំនងជាយន្តហោះអាចបង្កការវាយប្រហារ ហើយពេលនោះខាងប៉ូលិសក៏ទទួលបានបទបញ្ជាឲ្យចុចសញ្ញាអាសន្នតែម្តង។ យ៉ាងណាក្តី យន្តហោះដែលគេសង្ស័យនោះគឺគ្រាន់តែជាយន្តហោះសម្រាប់លោតឆត្រយោងរបស់ក្រុមការងារនៅក្នុងពហុកីឡដ្ឋានមួយនៅក្បែរនោះប៉ុណ្ណោះ ហើយវាមិនមែនជាការគំរាមគំហែងណាមួយនោះទេ។ ជុំវិញរឿងរ៉ាវចម្រូលចម្រាសនេះលោកស្រី Nancy Pelosi ដែលជាសមាជិកសភាកំពូលរបស់អាមេរិកបានធ្វើការស្តីបន្ទោសឲ្យក្រុមមន្ត្រីអាកាសចរណ៍យ៉ាងខ្លាំង និងបានចាត់ទុកថាកំហុសបច្ចេកទេសនេះគឺជាកំហុសដែលមិនអាចលើកលែងបាននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






