អន្តរជាតិ

តុលាការប្រេស៊ីលបញ្ជាឲ្យ Apple សងសំណងជាង ១ពាន់ដុល្លារទៅអតិថិជន ដោយសារដកឆ្នាំងសាកចេញពីប្រអប់ទូរស័ព្ទថ្មី

BY
Pheakdey
April 22, 2022

ប្រេស៊ីល៖ តុលាការប្រេស៊ីលបានបង្គាប់ឲ្យក្រុមហ៊ុន Apple ត្រូវផ្តល់ប្រាក់សំណងចំនួន ៥,០០០ រៀលប្រេស៊ីល ឬស្មើនឹង ១,០៨១ ដុល្លារអាមេរិកសម្រាប់អតិថិជនម្នាក់ ចំពោះសកម្មភាពដែលក្រុមហ៊ុនមិនបានបញ្ចូលឆ្នាំងសាកថ្មទូរស័ព្ទនៅក្នុងប្រអប់ទូរស័ព្ទ iPhone ថ្មី។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Business Insider បានឲ្យដឹងថា ចៅក្រមរូបនេះមានឈ្មោះថា Vanderlei Caires Pinheiro បច្ចុប្បន្ន កំពុងបម្រើការងារនៅតុលាការស៊ីវិលក្នុងក្រុង Goiânia នៃប្រទេសប្រេស៊ីល ហើយរូបលោកបានអះអាងថា ការដែលក្រុមហ៊ុន Apple តម្រូវឲ្យអតិថិជនខ្លួនមានកាតព្វកិច្ចទិញផលិតទី ២ នៃផលិតផលផ្តាច់មុខមួយរបស់ក្រុមហ៊ុនខ្លួននោះគឺជាការបំពាននិងអនុវត្តដោយខុសពីច្បាប់ពាណិជ្ជកម្មទាំងស្រុងតែម្តង។

ក្រុមហ៊ុន Apple បានឆ្លើយតបការពារចំពោះការចោទប្រកាន់ខាងលើនេះថា ខាងក្រុមហ៊ុនបានផ្តល់ជូនឌុយសម្រាប់ដោតបញ្ចូលថ្មដោយមានក្បាលឌុយប្រភេទ USB-C ដើម្បីអនុញ្ញាតឲ្យអតិថិជនខ្លួនអាចប្រើឌុយនេះជាមួយដុំសាកថ្មរបស់ក្រុមហ៊ុនផ្សេងទៀតបាន ដូចនេះវាមានន័យថា ខាងក្រុមហ៊ុនមិនបានតម្រូវឲ្យអតិថិជនត្រូវតែទិញដុំសាកថ្មរបស់ក្រុមហ៊ុនខ្លួនបន្ថែមទៀតនោះទេ។

យ៉ាងណាក្តី ចៅក្រម Vanderlei Caires Pinheiro នៅតែបដិសេធចំពោះការឆ្លើយតបខាងលើនេះ ដោយបានបញ្ជាក់ថា ឌុយ USB-C របស់ក្រុមហ៊ុន Apple មិនអាចដំណើរការបានយ៉ាងល្អជាមួយដុំសាកថ្មរបស់ក្រុមហ៊ុនផ្សេងក្រៅពីផលិតផលរបសក្រុមហ៊ុន Apple ឡើយ។ ចៅក្រមរូបនេះបានបន្ថែមទៀតថា នាពេលកន្លងមកក្រុមហ៊ុន Apple ធ្លាប់បានលើកឡើងថា ខាងក្រុមហ៊ុនឈប់ផលិតដុំសាកថ្មហើយដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថានតាមរយៈមិនបង្កើតកាកសំណល់អេឡិចត្រូនិច តែជាក់ស្តែងក្រុមហ៊ុន Apple នៅតែបន្តផលិតដុំសាកថ្មជាធម្មតាហើយដាក់វាលក់ដាច់ដោយឡែកទូរស័ព្ទ។

ផ្អែកតាមភស្តុតាងខាងលើ ចៅក្រមប្រេស៊ីលរូបនេះនៅតែអះអាងថា​ ក្រុមហ៊ុន Apple បានអនុវត្តផ្ទុយពីច្បាប់ពាណិជ្ជកម្មនិងបានរំលោភបំពានសិទ្ធប្រើប្រាស់ចំពោះអតិថិជនខ្លួនយ៉ាងធ្ងន់ធ្ងរ ខណៈរហូតមកទល់នឹងពេលនេះការសម្រេចអនុវត្តច្បាប់ចុងក្រោយចំពោះរឿងរ៉ាវដ៏ចម្រូងចម្រាសមួយនេះមិនទាន់ត្រូវបានធ្វើឡើងជាផ្លូវការនៅឡើយទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Business Insider

Share This Post: