អន្តរជាតិ

មន្ត្រីការបរទេសរុស្ស៊ីអះអាង មានពលរដ្ឋជាង ១លាននាក់ហើយដែលបានភៀសខ្លួនចេញពីអ៊ុយក្រែនមកកាន់ទឹកដីរុស្ស៊ី

BY
Pheakdey
April 30, 2022

រុស្ស៊ី៖ ខណៈដែលកងកម្លាំងរុស្ស៊ីបានឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែន គឺមានពលរដ្ឋជាង ១លាននាក់ហើយដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៊ីវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៣០ ខែមេសានេះ។ បើតាមលោក Sergei Lavrov ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា តួលេខជនភៀសខ្លួនចេញពីអ៊ុយក្រែនមកកាន់រុស្ស៊ីគឺមានចំនួនជាក់ស្តែង ១,០២ លាននាក់ ហើយក្នុងនោះក៏មានជនបរទេសក្រៅពីពលរដ្ឋអ៊ុយក្រែនប្រមាណជា ១២០,០០០នាក់ផងដែរ នេះបើគិតចាប់ពីថ្ងៃទី ២៤ ខែកុម្ភៈដែលជាថ្ងៃរុស្ស៊ីផ្តើមឈ្លានពានចូលអ៊ុយក្រែនមកទល់នឹងពេលនេះ។

រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា តួលេខជនភៀសខ្លួននេះអាចនឹងបន្តកើនឡើងផងដែរ ដ្បិតពេលនេះរុស្ស៊ីបានទទួលសំណើជនភៀសខ្លួនចេញពីអ៊ុយក្រែនប្រមាណជា ២​​,៨លាននាក់ហើយ ខណៈរុស្ស៊ីកំពុងពិចារណាដើម្បីរកដំណោះស្រាយសមស្របមួយចំពោះសំណើជនភៀសខ្លួនដ៏ច្រើននេះ។ សូមបញ្ជាក់ជូនថា ពលរដ្ឋអ៊ុយក្រែនដែលបានភៀសខ្លួនទៅកាន់រុស្ស៊ីនេះភាគច្រើនជាប្រជាពលរដ្ឋរស់នៅក្នុងតំបន់ Donetsk និង Luhansk ដែលជាតំបន់រុស្ស៊ីយល់ព្រមទទួលយកការប្រកាសជារដ្ឋឯករាជ្យមុនពេលសង្គ្រាមបានផ្ទុះឡើង។ ដោយឡែកចំពោះតួលេខជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនសរុបវិញគឺគិតត្រឹមពេលនេះមានចំនួន ៥,៤លាននាក់ហើយ ខណៈប្រទេសដែលពួកគេបានភៀសខ្លួនទៅច្រើនបំផុតគឺជាប្រទេសជិតខាងអ៊ុយក្រែនមានដូចជាប៉ូឡូញនិងរ៉ូម៉ានីជាដើម៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: