អន្តរជាតិ

អ្នកជំងឺកូវីដម្នាក់នៅក្រុងសៀងហៃត្រូវគេច្រឡំបញ្ជូនទៅកន្លែងដាក់ស-ពទាំងនៅរស់មានជីវិត ខណៈអាជ្ញាធរសម្រេចផ្អាកការងារបុគ្គលិកសុខាភិបាល ៤នាក់ជុំវិញករណីចម្រូងសម្រាសនេះ

BY
Pheakdey
May 4, 2022

ចិន៖ អ្នកជំងឺកូវីដ-១៩ ដែលទទួលបានសិទ្ធិព្យាបាលនៅតាមផ្ទះម្នាក់ក្នុងទីក្រុងសៀងហៃ ប្រទេសចិន ត្រូវបានគេច្រឡំបញ្ជូនទៅកាន់កន្លែងដាក់សព ខណៈពេលទៅដល់កន្លែងដាក់សពគឺរូបគាត់នៅរស់មានជីវិតនៅឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Straits Times នៅព្រឹកថ្ងៃពុធ ទី៤ ខែឧសភានេះ។ កំហុសការងារដ៏ធំមួយនេះបានធ្វើឲ្យក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងទីក្រុងសៀងហៃផ្ទុះកំហឹង និងនាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំង ចំពោះភាពខ្ជីខ្ជាក្នុងការបំពេញការងាររបស់ក្រុមបុគ្គលិកសុខាភិបាលជួរមុខ ដែលទទួលបន្ទុកតាមដានអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅតាមផ្ទះ។

ភ្លាមៗក្រោយកើតមានរឿងចម្រូងចម្រាសខាងលើនេះ អាជ្ញាធរសុខាភិបាលក្រុងសៀងហៃបានសម្រេចផ្អាកការងារមន្ត្រីសុខាភិបាលចំនួន ៤នាក់ ដោយក្នុងនោះមានបុគ្គលិកពេទ្យចំនួន ៣នាក់ និងប្រធានផ្នែកត្រួតពិនិត្យការព្យាបាលអ្នកជំងឺនៅតាមផ្ទះម្នាក់។ ជាងនេះទៅទៀតអាជ្ញាធរក្រុងសៀងហៃក៏បានសម្រេចបើកការស៊ើបអង្កេតជាពិសេសមួយជុំវិញករណីនេះផងដែរ ដើម្បីស្វែងរកឲ្យឃើញការពិតថា ករណីនេះជាកំហុសបច្ចេកទេសការងារ ឬជាចេតនាទុច្ចរិតណាមួយ។ សូមបញ្ជាក់ជូនថា ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងក្រុងហៃមួយចំនួនបាននាំគ្នារិះគាត់ថា ករណីនេះគឺជាករណីឃាតកម្មដោយមានគេចង់សម្លាប់ជនរងគ្រោះហើយក៏រាយការណ៍ប្រឌិដ្ឋថា គាត់បានស្លាប់ដោយជំងឺកូវីដ-១៩ តែសំណាងល្អជនរងគ្រោះបានដឹងខ្លួនវិញពេលបញ្ជូនទៅដល់កន្លែងដាក់សព៕

អត្ថបទ៖ ភក្តី

ប្រភព៖ Straits Times

Share This Post: