អន្តរជាតិ

ក្រុមអ្នកជំនាញបារម្ភថា អូមីក្រុងអាចនឹងបង្កការរាត្បាតខ្លាំងឡើងវិញ ក្រោយមេរោគនេះបានបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីៗជាច្រើនប្រភេទបន្ថែមទៀត

BY
Pheakdey
May 5, 2022

មេរោគកូវីដ-១៩ដែលជាបុត្រសម្ព័ន្ធរបស់វ៉ារ្យ៉ង់អូមីក្រុងចំនួន ២ប្រភេទថ្មីទៀតកំពុងស្ថិតក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមអ្នកវិទ្យាសាស្រ្តក្នុងរយៈពេលនេះថ្មីៗ បើទោះជាគេនៅមិនទាន់មើលឃើញពីគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ពួកវាក៏ដោយ។ មេរោគបំប្លែងខ្លួនថ្មីទាំង ២នោះគឺវ៉ារ្យ៉ង់ BA.4 និង BA.5 ដែលនាពេលបច្ចុប្បន្ននេះកំពុងបង្កការចម្លងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ បើតាមការសិក្សារបស់ក្រុមអ្នកវិទ្យាសាស្រ្តបានបង្ហាញថា គិតត្រឹមពេលនេះគេនៅមិនទាន់រកឃើញថាវ៉ារ្យ៉ង់ BA.4 និង BA.5 អាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាងវ៉ារ្យ៉ង់អូមីក្រុងធម្មតានោះទេ តែគេបានកត់សម្គាល់ថាមេរោគបំប្លែងខ្លួនថ្មីទាំង ២ប្រភេទនេះអាចបង្កការចម្លងបានលឿន។

This colorized scanning electron micrograph of a cell heavily infected with SARS-CoV-2 virus particles (orange/red) was captured at the NIAID Integrated Research Facility (IRF) in 2020. Photo: NIAID via ZUMA Wire/TNS

បើតាមលោកវេជ្ជបណ្ឌិត Peter Chin-Hong ដែលជាអ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យ California សហរដ្ឋអាមេរិកបានបញ្ជាក់ថា វ៉ារ្យ៉ង់ BA.4 និង BA.5 នឹងបង្កការចម្លងបានយ៉ាងឆាប់រហ័សក្នុងចំណោមអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការ។ គួររម្លឹកជូនផងដែរថា កាលពីចុងសប្តាហ៍កន្លងទៅនេះក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញមេរោគបំប្លែងខ្លួនថ្មីមួយប្រភេទទៀតដែរគឺវ៉ារ្យ៉ង់ BA.2.12.1 ដែលជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុងផងដែរ។ ក្រោយរកឃើញវ៉ារ្យ៉ង់ថ្មីៗដែលជាមេរោគបំប្លែងខ្លួនចេញពីកូវីដ-១៩អូមីក្រុងនេះ ក្រុមអ្នកវិទ្យាបានបានបង្ហាញក្តីបារម្ភថា អូមីក្រុងអាចត្រលប់មករាតត្បាតពិភពលោកខ្លាំងឡើងវិញជាថ្មីម្តងទៀត ប្រសិនបើគេមិនព្យាយាមទប់ស្កាត់វានោះទេ៕

អត្ថ​បទ៖ ភក្តី
ប្រភព៖ South China Morning Post

Share This Post: