សហភាពអឺរ៉ុបគ្រោងហាមឃាត់ប្រេងរុស្ស៊ី ខណៈរស្ស៊ីបន្ថែមការវាយប្រហារនៅតំបន់ភាគខាងលិចអ៊ុយក្រែន
- BY
- Pheakdey
- May 5, 2022
សហភាពអឺរ៉ុបកាលពីថ្ងៃពុធ ទី៤ ខែឧសភា ម្សិលមិញនេះបានស្នើដាក់ទណ្ឌកម្មដែលមានលក្ខណៈតឹងរឹងជាច្រើនដើម្បីប្រឆាំងនឹងរុស្ស៊ី ដោយក្នុងនោះក៏មានការហាមឃាត់មិនឲ្យប្រើប្រាស់ប្រេងរបស់រុស្ស៊ីជាដំណាក់កាលៗផងដែរ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ការស្នើដាក់ទណ្ឌកម្មកម្រិតធ្ងន់ធ្ងររបស់សហភាពអឺរ៉ុបនេះត្រូវបានធ្វើឡើងស្របពេលដែលកងកម្លាំងរុស្ស៊ីបង្កើនការវាយប្រហារយ៉ាងខ្លាំងនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែននិងស្របពេលប្រទេសបេឡារុសដែលជាសម្ព័ន្ធដ៏ជិតស្និទរបស់រុស្ស៊ីប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ។

គួររម្លឹកជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ១០ សប្តាហ៍ហើយ ខណៈដែលភ្លើងសង្គ្រាមបានសម្លាប់មនុស្សរាប់ពាន់នាក់និងធ្វើឲ្យពលរដ្ឋអ៊ុយក្រែនរាប់លាន់នាក់ត្រូវជម្លៀសខ្លួនចេញពីប្រទេសកំណើតរបស់ពួកគេ។ នៅចំពោះមុខសង្គ្រាមដ៏ឃោឃៅនេះប្រទេសធំៗនៅជុំវិញពិភពលោកបាននាំគ្នាដាក់ទណ្ឌកម្មក្នុងរូបភាពផ្សេងៗចំពោះរុស្ស៊ី តែរុស្ស៊ីហាក់មិនខ្លាចនិងមិនបន្ទន់ឥរិយាបថរបស់ខ្លួនទាល់តែសោះ។ សម្រាប់រដ្ឋាភិបាលអ៊ុយក្រែនវិញបានទទួលជំនួយទាំងផ្នែកយោធានិងសេដ្ឋកិច្ចជាបន្តបន្ទាប់ពីបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ហើយក្នុងនោះអាមេរិកគឺជាប្រទេសដែលបានផ្តល់ជំនួយច្រើនជាងគេ៕

អត្ថបទ៖ ភក្តី
ប្រភព៖Channel News Asia
- Share This Post:






