បក្សប្រឆាំងឥណ្ឌាទាមទារឲ្យដំឡើងថ្លៃសំណងចំពោះអ្នកបាត់បង់ជីវិតដោយកូវីដរហូតដល់ជាង ៥ពាន់ដុល្លារ ខណៈ WHO អះអាងថា តួលេខអ្នកទទួលមរណភាពជាក់ស្តែងនៅឥណ្ឌាមានច្រើនជាងតួលេខផ្លូវការជិត ១០ដង
- BY
- Pheakdey
- May 7, 2022
ឥណ្ឌា៖ គណបក្សសមាជជាតិដែលជាបក្សប្រឆាំងដ៏ធំជាងគេនៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាម្សិលមិញនេះបានទាមទារឲ្យរដ្ឋាភិបាលឥណ្ឌាដំឡើងថ្លៃប្រាក់សំណងចំពោះក្រុមគ្រួសារនៃជនរងគ្រោះដែលបានស្លាប់ដោយជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការសម្រេចទាមទារឲ្យមានការដំឡើងថ្លៃចំពោះប្រាក់សំណងនេះត្រូវបានធ្វើឡើងក្រោយអង្គការសុខភាពពិភពលោកបានចេញរបាយការណ៍មួយដែលបង្ហាញថា តួលេខអ្នកស្លាប់ដោយជំងឺកូវីដ-១៩ ជាក់ស្តែងនៅក្នុងប្រទេសឥណ្ឌាមានច្រើនជាងតួលេខដែលអាជ្ញាធរបានប្រកាសជាផ្លូវការហូតដល់ជិត ១០ដងឯណោះ។

គួររម្លឹកជូនថា នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោកដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំមុនអាចមានរហូតដល់ ៤,៧លាននាក់ ខណៈតួលេខផ្លូវការរបស់អាជ្ញាធរឥណ្ឌាគឺមានត្រឹមតែ ៥២៤,០០២នាក់ប៉ុណ្ណោះ។ ភ្លាមៗក្រោយប្រទះឃើញរបាយការណ៍នេះលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានចេញមកធ្វើការបដិសេដនិងអះអាងថា របាយការណ៍របស់អង្គការសុខភាពពិភពលោកបានធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ សូមបញ្ជាក់ជូនផងដែរថា គណបក្សប្រឆាំងឥណ្ឌាចង់ទាមទាមឲ្យមានការដំឡើងថ្លៃប្រាក់សំណងសម្រាប់អ្នកស្លាប់ដោយជំងឺកូវីដ-១៩ រហូតដល់ ៤០០,០០០ រូពី (៥,២១៣ដុល្លារអាមេរិក) ខណៈនាពេលបច្ចុប្បន្នប្រាក់សំណងនេះមានចំនួនត្រឹម ៥០,០០០រូពី (៦៤៩ ដុល្លារ)ប៉ុណ្ណោះ។ ជុំវិញការទាមទារនេះដែរ គឺគិតរហូតមកទល់នឹងពេលនេះរដ្ឋាភិបាលឥណ្ឌានៅមិនទាន់សម្រេចឆ្លើយតបយ៉ាងណានៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






