អន្តរជាតិ

លោក Elon Musk គ្រោងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ Twitter ឲ្យឡើងដល់ ២៦,៤ពាន់លានដុល្លារនៅឆ្នាំ២០២៨

BY
Pheakdey
May 7, 2022

លោកមហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Elon Musk បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី៦ ខែឧសភាម្សិលមិញនេះថា គាត់គ្រោងនឹងបង្កើនប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៨ ខាងមុខនេះ ខណៈប្រាក់ចំណូលរបស់បណ្តាញសង្គមខ្នាតយក្សមួយនេះមានត្រឹម ៥ពាន់លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំមុន។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២០ កន្លងទៅប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញសង្គម Twitter មានការធ្លាក់ចុះយ៉ាងច្រើន ដោយប្រាក់ចំណូលបានមកពីការផ្សាយពាណិជ្ជកម្មបានធ្លាក់ចុះរហូតដល់ ៩០% ហើយការធ្លាក់ចុះដ៏គំហុកនេះទាញឲ្យប្រាក់ចំណូលប្រចាំឆ្នាំសរុបរបស់ក្រុមហ៊ុនត្រូវធ្លាក់ចុះអស់ ៤៥%ផងដែរ។

បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ផែនការបង្កើនប្រាក់ចំណូលប្រចាំឆ្នាំឲ្យឡើងដល់ ២៦,៤ ពាន់លានដុល្លារសម្រាប់នៅឆ្នាំ ២០២៨នេះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល ហើយគោលដៅរួមមួយគឺគេបានដាក់ផែនការរកប្រាក់ឲ្យបានជាមធ្យមពីអ្នកប្រើប្រាស់ក្នុងចំនួន ៣០,២២ ដុល្លារនៅក្នុងឆ្នាំ ២០២៨ ខណៈនាពេលបច្ចុប្បន្ននេះបើគិតជាមធ្យមគេអាចរកប្រាក់បានត្រឹម ២៤,៨៣ ដុល្លារប៉ុណ្ណោះពីអ្នកប្រើប្រាស់ម្នាក់។ គួរបញ្ជាក់ជូនថា លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីខែមុន ហើយរូបលោកធ្លាប់បាននិយាយថានឹងព្យាយាមអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះឲ្យក្លាយជាក្រុមហ៊ុនបណ្តាញសង្គមកម្រិតកំពូលនៅលើពិភពលោកនៅពេលអនាគត៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: