វៀតណាមសម្ពោធប្រើប្រាស់ស្ពានកញ្ចក់ដែលវែងជាងគេបំផុតក្នុងពិភពលោក
- BY
- Pheakdey
- May 10, 2022
វៀតណាម៖ ប្រទេសវៀតណាមទើបសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានកញ្ចក់យ៉ាងស្រស់ស្អាតមួយ ហើយស្ពាននេះក៏បានក្លាយជាស្ពានកញ្ចក់ដែលវែងជាងគេនៅលើពិភពលោកផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Ny Post។ ស្ពានកញ្ចក់មួយខ្សែនេះមានឈ្មោះថា Bach Long ដែលមានអត្ថន័យជាភាសាខ្មែរថា “នាគស” មានប្រវែងសរុបចំនួន ៦៣២មែត្រ មានកម្ពស់ ១៥០ម៉ែត្រនៅលើព្រៃដ៏ធំមួយ និងមានសមត្ថភាពអាចផ្ទុកអ្នកដំណើរបានចំនួន ៤៥០នាក់សម្រាប់ការធ្វើដំណើរឆ្លងកាត់ម្តង។

ប្រភពខាងលើបានបញ្ជាក់ថា នៅខែក្រោយនេះស្ពានកញ្ចក់មួយនេះនឹងទទួលបានកំណត់ត្រាពិភពលោកជាស្ពានកញ្ចក់ដែលវែងជាគេបំផុតនៅលើពិភពលោកពីស្ថាប័ន Guinness World Records ផងដែរ។ បើតាមអាជ្ញាធរទេសចរណ៍វៀតណាមបានបង្ហាញក្តីសង្ឃឹមថា ស្ពាន Bach Long នឹងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលជួយបង្កើតប្រាក់ចំណូលបានយ៉ាងច្រើនសម្រាប់វៀតណាម។ សូមបញ្ជាក់ថា ស្ពាន Bach Long ឬស្ពាននាគស មានទីតាំងស្ថិនៅក្នុងស្រុក Moc Chau ខេត្ត Son La និងមានចម្ងាយប្រមាណជា ២០០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងហាណូយរបស់វៀតណាម។ លោកអ្នកអាចទស្សនារូបភាពដ៏ស្រស់ស្អាតរបស់ស្ពាននាគសដូចខាងក្រោមនេះ៖










អត្ថបទ៖ ភក្តី
ប្រភព៖ Ny Post
- Share This Post:






