អន្តរជាតិ

លោក ចូ បៃឌិន ចុះហត្ថលេខាលើច្បាប់ពិសេសមួយដែលអាមេរិកធ្លាប់ប្រើនៅជំនាន់សង្គ្រាមលោកលើកទី ២ ដើម្បីពន្លឿនដល់ការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែន

BY
Pheakdey
May 10, 2022

អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានចុះហត្ថលេខាលើច្បាប់ពិសេសមួយដើម្បីជួយពន្លឿនដល់ការបញ្ជូនអាវុធនិងសម្ភារៈយោធាទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១០ ខែឧសភានេះ។ ច្បាប់ពិសេសនេះត្រូវបានគេហៅថា “Lend-lease Act” ជាច្បាប់ដែលបើកផ្លូវឲ្យរដ្ឋាភិបាលអាមេរិកអាចអនុញ្ញាតឲ្យប្រទេសជាសម្ព័ន្ធមិត្តណាមួយអាចខ្ចីឬជួលនូវអាវុធនិងសម្ភារៈយោធាសំខាន់ៗពីសហរដ្ឋអាមេរិកដើម្បីយកទៅប្រើប្រាស់ការពារដែនដីរបស់ពួកគេពីការឈ្លានពានដោយប្រទេសមួយផ្សេងទៀត។

ច្បាប់នេះក៏បានជួយសម្របសម្រួលចំពោះការដឹកជញ្ជូននិងការផ្គត់ផ្គង់អាវុធនិងសម្ភារៈយោធាចេញពីសហរដ្ឋអាមេរិកឆ្ពោះទៅកាន់ប្រទេសជាសម្ព័ន្ធមិត្តក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ ពោលគឺនិតីវិធីគ្រប់បែងយ៉ាងអាចប្រព្រឹត្តិទៅលឿនជាងធម្មតា។ គួររម្លឹកជូនថា អាមេរិកធ្លាប់ប្រើប្រាស់ច្បាប់ “Lend-lease Act” នេះម្តងកាលឆ្នាំ ១៩៤១ ពោលគឺនៅក្នុងជំនាន់សង្គ្រាមលោកលើកទី ២ ដែលអាមេរិកបានអនុវត្តច្បាប់នេះសម្រាប់ជួយគាំទ្រប្រទេសជាសម្ព័ន្ធរបស់ខ្លួនដើម្បីប្រឆាំងនឹងពួកណាស៊ីអាឡឺម៉ង់។ ក្រៅតែពីបានចុះហត្ថលេខាលើច្បាប់ពិសេសនេះ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន ក៏បានបង្ហាញសញ្ញាផងដែរថា គាត់បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសម្បទាននយោបាយ ដែលឥរិយាបថនេះអាចជំរុញឲ្យសភាអាមេរិកអនុម័តកញ្ចប់ថវិកាជំនួយសម្រាប់អ៊ុយក្រែនបានឆាប់រហ័សផងដែរ ខណៈកញ្ចប់ថវិកាជំនួយមានទំហំទឹកប្រាក់រហូតដល់ ៣៣ពាន់លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: