អន្តរជាតិ

ថៃទាញសញ្ញាព្រមានកម្រិតខ្ពស់ជាថ្មីក្រោយរកឃើញអ្នកឆ្លងកូវីដ-១៩វ៉ារ្យ៉ង់ថ្មីចំនួន ៣ករណី

BY
Pheakdey
May 10, 2022

ថៃ៖ កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអង្គារ​ ទី១០ ខែឧសភានេះបានរាយការណ៍ថា ក្រសួងសុខាភិបាលថៃបានសម្រេចទាញសញ្ញាព្រមានកម្រិតខ្ពស់ជាថ្មីម្តងទៀតអំពីហានិភ័យនៃការរាតត្បាតជំងឺកូវីដ-១៩ ក្រោយអាជ្ញាធរសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ-១៩ ដែលជាវ៉ារ្យ៉ង់បំប្លែងខ្លួនថ្មីចំនួន ៣ករណី។ បើតាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ-១៩ថៃបានបញ្ជាក់ថា ករណីឆ្លងគួរឲ្យបារម្ភទាំង ៣ករណីនោះរួមមាន ករណីឆ្លងវ៉ារ្យ៉ង់ BA.5 ចំពោះអ្នកដំណើរជនជាតិប្រេស៊ីលម្នាក់ ករណីឆ្លងវ៉ារ្យ៉ង់ BA.2.12 ចំពោះអ្នកដំណើរជាតិឥណ្ឌាម្នាក់និងអ្នកដំណើរជនជាតិកាណាដាម្នាក់ផងដែរ។

លោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា ការសម្រេចទាញសញ្ញាព្រមានខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីអង្គការសុខភាពពិភពលោកកាលពីពេលថ្មីៗនេះបានទាញសញ្ញាអាសន្នអំពីការរាតត្បាតកម្រិតធ្ងន់ធ្ងរចំពោះវ៉ារ្យ៉ង់នៃមេរោគកូវីដ-១៩ ចំនួន ៣ប្រភេទ រួមមានវ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់ BA.2.12 ខណៈវ៉ារ្យ៉ង់ទាំង ៣ប្រភេទនេះគឺសុទ្ធតែជាបុត្រសម្ព័ន្ធរបស់មេរោគអូមីក្រុង។ លោករដ្ឋមន្ត្រីរូបនេះបានបន្តថា នាពេលបច្ចុប្បន្ននេះមេរោគអូមីក្រុងបានគ្របដណ្ដប់លើការចម្លងនៅក្នុងប្រទេសថៃរហូតដល់ ៩៧,៦% ហើយក្រុមអ្នកជំនាញបារម្ភថាមេរោគទាំងនេះអាចបំប្លែងខ្លួនជាវ៉ារ្យ៉ង់ថ្មីនិងបង្កការរាតត្បាតខ្លាំងនៅក្នុងប្រទេសថៃជាថ្មីម្តងទៀតផងដែរ។ សូមបញ្ជាក់ថា តាមការសិក្សានាពេលកន្លងមកបានបង្ហាញថាវ៉ារ្យ៉ង់ BA.4 វ៉ារ្យ៉ង់ BA.5 និង វ៉ារ្យ៉ង់ BA.2.12 មានសមត្ថភាពអាចបង្កការចម្លងបានលឿននិងអាចចូលទៅបំផ្លាញសួតរបស់អ្នកជំងឺបានផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: