ប្រធានាធិបតីហ្វាំងឡង់បញ្ជាក់ពីគោលជំហរដាច់ខាតក្នុងការចូលជាសមាជិក “NATO”
- BY
- Pheakdey
- May 16, 2022
ហ្វាំងឡង់៖ លោកប្រធានាធិបតីនៃប្រទេសហ្វាំងឡង់ Sauli Niinisto បានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៥ ខែឧសភាម្សិលមិញនេះថា ប្រទេសរបស់លោកនឹងចូលជាសមាជិកអង្គការសម្ព័ន្ធមិត្តយោធាណាតូ “NATO” ដែលវានឹងក្លាយជាប្រវត្តិសាស្រ្តថ្មីមួយចំពោះប្រទេសហ្វាំងឡង់ផងដែរ។ នៅក្នុងសន្និសិទ្ធផ្លូវការមួយក្នុងរដ្ឋធានី Helsinki លោក Sauli Niinisto បានថ្លែងច្បាស់ៗនៅចំពោះមុខក្រុមអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជាច្រើននាក់ថា កត្តាដែលជម្រុញឲ្យហ្វាំងឡង់ត្រូវតែរក្សាគោលជំហរចូលជាសមាជិកណាតូនោះ គឺហ្វាំងឡង់មិនចង់រងនូវការឈ្លានពានដូចប្រទេសអ៊ុយក្រែននោះទេនៅពេលអនាគត។

លោកប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto
គួរបញ្ជាក់ជូនថា ហ្វាំងឡង់គឺជាប្រទេសដែមានព្រំដែនជាប់ប្រទេសរុស្ស៊ីប្រវែង ១,៣០០គីឡូម៉ែត្រ ហើយបន្ទាប់ពីបានមើលឃើញ ការឈ្លានពានយ៉ាងឃោឃៅរបស់រុស្ស៊ីចូលទៅក្នុងទឹកដីអ៊ុយក្រែននោះ ហ្វាំងឡង់ស្រាប់តែមានការព្រួយបារម្ភថារុស្ស៊ីក៏អាចបន្តឈ្លានពានចូលក្នុងប្រទេសខ្លួនទៀតដែរនៅពេលខាងមុខ ដូចនេះហើយទើបហ្វាំងឡង់ត្រូវតែចូលជាសមាជិកណាតូដើម្បីមានបង្អែកយោធាសម្រាប់ការពារប្រទេសពីការឈ្លានពានរបស់រុស្ស៊ី។ ភ្លាមៗក្រោយការប្រកាសរបស់ប្រធានាធិបតីហ្វាំងឡង់នេះ ទីក្រុងម៉ូស្គូបានឲ្យដឹងថា ការចូលជាសមាជិកណាតូអាចជាកំហុសមួយរបស់ទីក្រុង Helsinki ដ្បិតឥរិយាបថនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងប្រទេសរុស្ស៊ីនិងហ្វាំងឡង់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






