អន្តរជាតិ

កូរ៉េខាងជើងកំពុងប្រយុទ្ធប្រឆាំងកូវីដ-១៩តាមរយៈការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចនិងវិធីបែបបុរាណ

BY
Pheakdey
May 17, 2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែឧសភានេះបានឲ្យដឹងថា នៅចំពោះមុខភាពខ្វះខាតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រទេសកូរ៉េខាងជើងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងមួយនេះតាមរយៈការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច (ប្រភេទថ្នាំផ្សះឬថ្នាំសម្លាប់មេរោគ) និងថ្នាំបុរាណ។ បើតាមលោក Kim Hyong Hun រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងជើងបានឲ្យដឹងថា ការឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ នៅកូរ៉េខាងជើងបានឈានដល់ដំណាក់កាលថ្មីមួយហើយ ពោលគឺប្តូរពីដំណាក់តម្រូវឲ្យពលរដ្ឋធ្វើចត្តាឡីស័កទៅកាន់ដំណាក់កាលព្យាបាលតែម្តង ដ្បិតសុខភាពរបស់ក្រុមពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំងអស់នោះបានធ្លាក់ចុះកាន់តែខ្លាំងឡើងៗ។

រដ្ឋមន្ត្រីរូបនេះបានបន្តថា ថ្នាំអង់ទីប៊ីយោទិចដែលអាជ្ញាធរសុខាភិបាលកំពុងចែកចាយឲ្យពលរដ្ឋប្រើប្រាស់នោះមានដូចជាថ្នាំ ibuprofen និងថ្នាំ amoxicillin។ ចំពោះវិធីព្យាបាលបែបបុរាណវិញមានដូចជា ការខ្ពុរមាត់ជាមួយទឹកអំបិល និងការទទួលទឹកតែក្តៅៗឲ្យបានទៀតទាត់មួយថ្ងៃ ៣ដងជាដើម។ គួរបញ្ជាក់ជូនថា គ្មានពលរដ្ឋកូរ៉េខាងជើងណាម្នាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩​នោះទេ ព្រោះនាពេលកន្លងមកលោកគីម ជុងអ៊ុន ធ្លាប់បានបដិសេដមិនទទួលអំណោយវ៉ាក់សាំងពីប្រទេសណាទាំងអស់។ អ្វីដែលជាការកត់សម្គាល់ទៀតនោះគឺប្រព័ន្ធសុខាភិបាលកូរ៉េខាងជើងមានកម្រិតទាបខ្លាំងណាស់ ខណៈពលរដ្ឋកូរ៉េខាងជើងភាគច្រើនគឺមានបញ្ហាសុខភាពចុះខ្សោយស្រាប់ដោយសាការខ្វះខាតអាហាររូបបត្ថម្ភ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: