អន្តរជាតិ

ការសិក្សាបង្ហាញថា អ្នកឆ្លងកូវីដអូមីក្រុងក្នុងអំឡុងពេលចាក់វ៉ាក់សាំងពេញលេញនឹងមានប្រព័ន្ធការពាររាងកាយកាន់តែខ្លាំងសម្រាប់ប្រឆាំងនឹងមេរោគកូវីដប្រភេទផ្សេងៗទៀត

BY
Pheakdey
May 17, 2022

អាមេរិក៖ ការសិក្សាចំនួន ២ដាច់ដោយឡែកពីគ្នាតែបានបង្ហាញលទ្ធផលដូចគ្នាថា ការឆ្លងជំងឺកូវីដ-១៩អូមីក្រុងក្នុងអំឡុងពេលដែលលោកអ្នកបានចាក់វ៉ាក់សាំងបង្ការពេញលេញនឹងជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយរបស់លោកអ្នកកាន់តែខ្លាំងនិងមានរយៈពេលវែងសម្រាប់ប្រឆាំងមេរោគនៃជំងឺកូវីដ-១៩ ផ្សេងៗទៀត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានបញ្ជាក់ថា ក្នុងចំណោមការសិក្សាខាងលើនេះមានការសិក្សាមួយត្រូវបានធ្វើឡើងដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន​ និងការសិក្សាមួយទៀតត្រូវបានធ្វើឡើងដោយក្រុមហ៊ុនផលិតឱសថ BioNTech ។

ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាដែលត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យនិងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះគឺគេបានសិក្សាទៅលើសំណាកឈាមរបស់ក្រុមអ្នកជំងឺកូវីដ-១៩ជាច្រើននាក់ ដែលបានឆ្លងមេរោគកូវីដ-១៩ប្រភេទដែលតា អូមីក្រុង និងមេរោគបំប្លែងខ្លួនជាច្រើនប្រភេទទៀត ខណៈក្រុមអ្នកជំងឺទាំងនោះសុទ្ធតែបានចាក់វ៉ាក់សាំងបង្ការចំនួន ២ដូស ឬ ៣ដូស។ លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួចរាល់ ហើយបានឆ្លងជំងឺកូវីដ-១៩អូមីក្រុងទៀតនោះ គឺពួកគេនឹងមានប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺកូវីដ-១៩ប្រភេទផ្សេងៗទៀត ហើយនៅពេលដែលពួកគេបានឆ្លងជំងឺកូវីដ-១៩ប្រភេទណាមួយនៅពេលបន្ទាប់ទៀតនោះ គឺពួកគេមិនងាយមានជំងឺធ្ងន់ធ្ងរនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Thaiger

 

 

Share This Post: