ព្រោះតែចង់សន្សំប្រាក់ទិញផ្ទះអោយកូនប្រុស ឪពុកកំសត់ដាច់ចិត្តទៅដើរលួចបន្លែនៅតាមផ្សារ
ប្រទេសចិន ៖ សំរាប់ឪពុកម្តាយគ្មានរឿងអ្វីដែលពួកគាត់មិនហ៊ានធ្វើដើម្បីកូននោះទេ បើទោះបីជារឿងខ្លះធ្វើអោយគាត់បាត់បង់កិត្តិយសរឺអាចប្រឈមមុខនឹងច្បាបក៏ដោយ។ ប្រភពព័ត៌មានចិនបានចុះផ្សាយរឿងរ៉ាវនឹកស្មានមិនដល់មួយ បុរសម្នាក់ចូលលួចបន្លែក្នុងផ្សារត្រូវគេចាប់បានចុងក្រោយគាត់សារភាពថាធ្វើបែបនេះព្រោះចង់សន្សំប្រាក់ទុកទិញផ្ទះអោយកូន។ តាមរយៈរបាយការណ៍របស់ភ្នាក់ងារសារព័ត៌មានចិនបានអោយដឹងថា នៅផ្សារលក់បន្លែ តំបន់ Suzhou ទីក្រុង Sichuan ខេត្ត Jiangsu មានការលួចបន្លែជាច្រើនដង។

ប៉ូលិសក៏បានឆែកកាមេរ៉ាសុវត្ថិភាពនៅទីនោះ ហើយបានប្រទះឃើញបុរសគួរអោយសង្ស័យម្នាក់ ដែលឆ្លៀតពេលអ្នកលក់ដូរកំពុងរវល់ គាត់បានលើកបន្លែស្រស់ដាក់ចូលក្នុងបាវ ហើយប្រញាប់ដឹកចេញទៅ។ នៅថ្ងៃទី២២ ខែកុម្ភៈ នេះជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចនេះម្តងទៀត ហើយក៏ត្រូវបានប៉ូលិសចាប់បាននៅនឹងកន្លែង។ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថាបុរសម្នាក់នេះបានលួចបន្លែបែបនេះជាច្រើនដងមកហើយ។ ជនសង្ស័យរូបនេះជាម្ចាស់ហាងអាហារមួយកន្លែង គាត់លួចបន្លែទាំងនេះដើម្បីយកទៅធ្វើម្ហូបលក់ ដើម្បីសន្សំប្រាក់ទិញផ្ទះអោយកូនប្រុស។ គាត់សារភាពថាបានធ្វើបែបនេះ៤ដងមកហើយ ទោះបីវាជាទឹកចិត្តល្អដែលឪពុកមានចំពោះកូនតែនេះជារឿងខុសទៅនឹងច្បាប់ ពេលនេះប៉ូលិសបានឃាត់ខ្លួនរូបគាត់ទុក រងចាំការកាត់ទោសពីតុលាការ៕

ប្រភព ៖ sanook