អង់គ្លេសអះអាងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មបៃតង” អាចជួយឲ្យពិភពលោកបញ្ចប់ការពឹងផ្អែកលើការនាំចូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីបាន
- BY
- Pheakdey
- May 18, 2022
អង់គ្លេស៖ លោកស្រី Anne-Marie Trevelyan ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអង់គ្លេសបានលើកឡើងថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មបៃតង” អាចជួយឲ្យពិភពលោកបញ្ចប់ការពឹងផ្អែកលើការនាំចូលប្រេងនិងឧស្ម័នរបស់រុស្ស៊ីបាន ក៏ដូចជាបញ្ចប់ការពឹងផ្អែកចំពោះលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៨ ខែឧសភានេះ។ គួរបញ្ជាក់ជូនថា ពាណិជ្ជកម្មបៃតងគឺសំដៅលើទម្រង់នៃការជួញដូរហិរញ្ញវត្ថុក្នុងរូបភាពផ្សេងៗដែលមាននិន្នការជួយថែរក្សាបរិស្ថានជាចម្បង ហើយក្នុងករណីដែលប្រទេសជាច្រើនបានចុះកិច្ចព្រមព្រៀងអនុវត្តកម្មវិធីមួយនេះជាមួយគ្នានោះគឺវានឹងជួយឲ្យប្រទេសទាំងអស់នោះអាចកាត់បន្ថយការប្រើប្រាស់ប្រេងបានមួយផ្នែកផងដែរ។

យ៉ាងណាក្តី កាលពីថ្ងៃអង្គារ ទី១៨ ខែឧសភាម្សិលមិញនេះ លោកប្រធានាធីបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា វាមិនអាចទៅរួចនោះទេដែលប្រទេសនៅក្នុងតំបន់អឺរ៉ុបចង់ឈប់នាំចូលប្រេងពីរុស្ស៊ីភ្លាមៗនោះ ហើយតាមស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះគឺនៅមានប្រទេសជាច្រើនដែលត្រូវតែពឹកផ្អែកលើការនាំចូលប្រេងពីរុស្ស៊ីក្នុងរយៈពេលវែងបន្ថែមទៀត។ សូមបញ្ជាក់ជូនផងដែរថា ចាប់តាំងពីរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមក ពិភពលោកបានប្រឈមនឹងបញ្ហារួមមួយគឺប្រេងសាំងឡើងថ្លៃ ដ្បិតបញ្ហានេះបានកើតឡើងដោយសាតែប្រទេសជាច្រើនបាននាំគ្នាដាក់ទណ្ឌកម្មចំពោះរុស្ស៊ីតាមរយៈការឈប់ទិញប្រេងរុស្ស៊ី ហើយវាក៏បានធ្វើឲ្យការផ្គត់ផ្គង់ប្រេងនៅលើពិភពលោកធ្លាក់ចុះយ៉ាងខ្លាំង ព្រោះប្រទេសផ្សេងៗទៀតក្រៅពីរុស្ស៊ីមិនអាចផលិតប្រេងបានច្រើននិងទាន់ពេលវេលាដូចដែររុស្ស៊ីធ្លាប់បានធ្វើដូចនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






