អន្តរជាតិ

ឱសថស្ថាននៅកូរ៉េខាងជើងសម្រេចបើកលក់ពេញ ២៤ម៉ោង/ថ្ងៃ និង៧ថ្ងៃ/សប្តាហ៍ ដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតកូវីដ-១៩

BY
Pheakdey
May 18, 2022

កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Yahoo News កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ម្សិលមិញនេះបានឲ្យដឹ​ងថា ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ-១៩ទ្រង់ទ្រាយធំមកជាលើកដំបូងមក ឱសថស្ថាននៅក្នុងប្រទេសកូរ៉េខាងជើងបានសម្រេចបើកលក់ក្នុងលក្ខខណ្ឌពិសេសមួយ ពោលគឺបើកដំណើរការពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍តែម្តង។ ការសម្រេចបើកលក់ជាប់រហូតដោយគ្មានពេលឈប់សម្រាកនេះគឺដើម្បីធានាបាននូវការផ្គត់ផ្គង់ថ្នាំពេទ្យគ្រប់ប្រភេទសម្រាប់អ្នកជំងឺឲ្យបានទាន់ពេលវេលា ជាពិសេសអ្នកជំងឺដែលមានអាការៈនៃជំងឺកូវីដ-១៩តែម្តង។

គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃជំងឺកូវីដ-១៩ អាជ្ញាធរកូរ៉េខាងជើងបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើនរួមមាន ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់ នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយសង្គ្រោះអ្នកជំងឺឲ្យបានទាន់ពេលវេលា ហើយប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន ក៏បានចេញបញ្ជាឲ្យមានការចល័តទ័ពនៅទូទាំងប្រទេសផងដែរ ព្រោះរូបលោកចង់ប្រើប្រាស់កម្លាំងយោធាសម្រាប់ចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ដើម្បីធានាថា ថ្នាំពេទ្យអាចបញ្ជូនទៅដល់ដៃអ្នកជំងឺបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥លាននាក់ និងអ្នកស្លាប់ចំនួន ៥៦នាក់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Yahoo News

Share This Post: