កូរ៉េខាងជើងបញ្ជូនយន្តហោះទៅដឹកថ្នាំពេទ្យពីប្រទេសចិនដើម្បីទប់ទល់នឹងរលកនៃជំងឺកូវីដ-១៩
- BY
- Pheakdey
- May 18, 2022
កូរ៉េខាងជើង៖ កូរ៉េខាងជើងបានបញ្ជូនយន្តហោះទៅដឹកថ្នាំពេទ្យមកពីប្រទេសចិនបន្ទាប់ពីប្រទេសមួយនេះបានប្រឈមនឹងរលកនៃការរាតត្បាតជំងឺកូវីដ-១៩ទ្រង់ទ្រាយធំជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃអង្គារ ទី១៧ ខែឧសភា ម្សិលមិញនេះ។ យន្តហោះដែលរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងជើងប្រើប្រាស់សម្រាប់ដឹកជញ្ជូនថ្នាំពេទ្យនោះគឺយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Koryo មានចំនួន ៣គ្រឿង ហើយយន្តទាំងអស់នេះបានធ្វើដំណើរទៅដល់ទីក្រុង Shenyang ប្រទេសចិនតាំងតែពីថ្ងៃចន្ទដើមសប្តាហ៍នេះម្លេះ។

ប្រភពខាងលើបានបញ្ជាក់ថា ការសម្រេចប្រើប្រាស់យន្តហោះនេះវាគឺជាជើងហោះអន្តរជាតិលើកដំបូងសម្រាប់កូរ៉េខាងជើងហើយបើរាប់ចាប់តាំងពីពេលដែលកូរ៉េខាងជើងបានអនុវត្តវិធានការបិទខ្ទប់ប្រទេសអស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ជូនថា ដើម្បីឆ្លើយតបនឹងរលកនៃការរាតត្បាតកូវីដ-១៩ កូរ៉េខាងជើងបានដាក់ចេញវិធានការចាំបាច់ជាច្រើនរួមមាន ការប្រើប្រាស់កម្លាំងយោធាក្នុងការចែកចាយថ្នាំពេទ្យទៅកាន់ក្រុមប្រជាពលរដ្ឋនៅតាមសហគមន៍ ដាក់ពង្រាយក្រុមបុគ្គលិកសុខាភិបាលចំនួន ១០,០០០នាក់នៅតាមទីតាំងសំខាន់ៗដើម្បីត្រៀមជួយអ្នកជំងឺឲ្យបានទាន់ពេលវេលា ខណៈឱសថស្ថានវិញត្រូវបានបើកលក់ពេញ ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ដើម្បីធានានូវការផ្គត់ផ្គង់ថ្នាំពេទ្យឲ្យបានទាន់ពេលវេលា។ សូមបញ្ជាក់ជូនផងដែរថា របាយការណ៍ចុងក្រោយបំផុតដែលគេអាចទទួលបានពីកូរ៉េខាងជើងគឺគិតត្រឹមថ្ងៃទី ១៦ ខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងមានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ប្រមាណជា ១,៥លាននាក់ និងអ្នកស្លាប់ចំនួន ៥៦នាក់៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






