អាមេរិកមានបំណងបញ្ជូនមីស៊ីលទំនើបទៅកាន់អ៊ុយក្រែន ដើម្បីបាញ់កម្ទេចនាវារុស្ស៊ីនៅតំបន់សមុទ្រខ្មៅ
- BY
- Pheakdey
- May 20, 2022
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី២០ ខែឧសភានេះបានឲ្យដឹងថា អាមេរិកកំពុងតែរៀបចំបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់កម្ទេចកប៉ាល់ទៅកាន់ប្រទេសអ៊ុយក្រែនហើយ ដើម្បីជួយកងកម្លាំងអ៊ុយក្រែនក្នុងការប្រឆាំងជាមួយនឹងកងទ័ពជើងទឹករបស់រុស្ស៊ី។ ការបញ្ជូនមីស៊ីលទំនើបសម្រាប់បាញ់កប៉ាល់នេះត្រូវបានធ្វើឡើងភ្លាមៗតបតាមការស្នើសុំរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលកាលពីពេលថ្មីៗនេះលោកធ្លាប់បាននិយាយច្បាស់ៗថា អ៊ុយក្រែនចង់បានអាវុធទំនើបសម្រាប់បាញ់កម្ទេចនាវាចម្បាំងរបស់រុស្ស៊ីនៅតំបន់សមុទ្រខ្មៅ។

បើតាមក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា នាវាចម្បាំងរបស់រុស្ស៊ីដែលកំពុងមានវត្តមាននៅលើតំបន់ប្រតិបត្តិការណ៍នៃដែនសមុទ្រខ្មៅនោះមានចំនួន ២០គ្រឿង ហើយក្នុងនោះក៏មាននាវាមុជទឹកផងដែរ។ សូមបញ្ជាក់ជូនថា កងទ័ពជើងទឹករុស្ស៊ីបានធ្វើការគ្រប់គ្រង់នៅតំបន់កំពង់ផែសមុទ្រខ្មៅជាច្រើនសប្តាហ៍មកហើយ ខណៈការគ្រប់គ្រងដោយកម្លាំងយោធានេះក៏បានធ្វើឲ្យរាំងស្ទះដល់ការដឹកជញ្ជូនសម្ភារៈសម្រាប់ធ្វើកសិកម្ម គ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មផ្សេងៗចេញពីអ៊ុយក្រែនសម្រាប់ផ្គត់ផ្គង់ទៅកាន់ប្រទេសមួយចំនួននៅជុំវិញពិភពលោកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






