Apple និង Samsung ប្រឈមនឹងការប្តឹងទាមទារប្រាក់សំណងជាថ្មីម្តងទៀតចំពោះការសម្រេចមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទ
- BY
- Pheakdey
- May 23, 2022
ក្រុមហ៊ុនផលិតទូរស័ព្ទ Apple និង Samsung កំពុងប្រឈមនឹងការប្តឹងទាមទារប្រាក់សំណងជាថ្មីម្តងទៀតពីតុលាការប្រេស៊ីលចំពោះសកម្មភាពដែលក្រុមហ៊ុនយក្សទាំង ២នេះមិនបានដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន India Times កាលពីពេលថ្មីៗនេះ។ គួររម្លឹកជូនថា ក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដំបូងគេដែលបានសម្រេចមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីដោយចាប់អនុវត្តពីទូរស័ព្ទស៊េរី iPhone 12 ឡើងទៅ ហើយក្រោយមកក្រុមហ៊ុន Samsung ក៏បានធ្វើតាមដែរដោយផ្តើមអនុវត្តនិន្នាការដូចគ្នានេះចាប់ពីទូរស័ព្ទស៊េរី Galaxy S21 ឡើងទៅ ខណៈមូលហេតុវិញគឺដើម្បីចូលរួមកាត់បន្ថយកាកសំណល់អេឡិចត្រូនិចលើភពផែនដី។

ខាងក្រុមហ៊ុនផលិតទូរស័ព្ទបានយល់ឃើញថា និន្នាការខាងលើនេះនឹងមិនផ្តល់ការរំខានឬបន្ថែមសម្ពាធណាមួយចំពោះអតិថិជនចាស់របស់ពួកគេនោះទេ ដ្បិតក្រុមអតិថិជនចាស់នៅតែអាចបន្តប្រើប្រាស់ដុំសាកថ្មចាស់របស់ពួកគេបានដដែលក្រោយពេលទិញទូរស័ព្ទថ្មី។ យ៉ាងណាក្តី ឥរិយាបថនេះបានបង្កឲ្យមានការអាក់អន់ចិត្តយ៉ាងខ្លាំងចំពោះក្រុមអតិថិជនថ្មីនៅក្នុងប្រទេសប្រទេសប្រេស៊ីល ដ្បិតពួកគេយល់ឃើញថាពួកគេត្រូវចំណាយលុយទិញដុំសាកថ្មមួយបន្ថែមទៀតពីលើការចំណាយលុយទិញទូរស័ព្ទថ្មីមួយគ្រឿងដែលគេបានដាក់លក់ក្នុងតម្លៃខ្ពស់រួចទៅហើយ។ នៅចំពោះមុខហេតុការណ៍នេះ ក្រុមស្ថាប័ននិងអង្គការការពារសិទ្ធអ្នកប្រើប្រាស់នៅក្នុងប្រទេសប្រេស៊ីលជាង ៩០០កន្លែងបានអះអាងដូចគ្នាថា សកម្មភាពរបស់ក្រុមហ៊ុន Apple និង Samsung គឺជារឿងខុសច្បាប់និងជាការបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធប្រើប្រាស់របស់អតិថិជន។ សូមបញ្ជាក់ជូនថា របាយការណ៍ចុងក្រោយមួយបានបង្ហាញថា ក្រុមហ៊ុន Apple បានចំណេញប្រាក់ជាង ៦,៥ពាន់លានដុល្លារពីការសម្រេចមិនដាក់បញ្ចូលដុំសាកថ្មក្នុងប្រអប់ទូរស័ព្ទថ្មីនេះ ខណៈខាងតុលាការប្រេស៊ីលបានទាមទារឲ្យក្រុមហ៊ុន Apple ត្រូវសងជំងឺចិត្តទៅកាន់អតិថិជនក្នុងម្នាក់ចំនួន ១,០៨១ ដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ India Times
- Share This Post:






