ដាណឺម៉ាកសម្រេចចាក់វ៉ាក់សាំងឲ្យពលរដ្ឋណាដែលបានប៉ះពាល់ជាមួយអ្នកជំងឺអុតស្វា Monkeypox
- BY
- Pheakdey
- May 25, 2022
ដាណឺម៉ាក៖ ប្រទេសដាណឺម៉ាកបានសម្រេចចាក់វ៉ាក់សាំងឲ្យពលរដ្ឋរូបណាដែលបានប៉ះពាល់ជាមួយនិងអ្នកជំងឺអុតស្វា Monkeypox នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៥ ខែឧសភានេះ។ បើតាមលោកវេជ្ជបណ្ឌិត Bolette Soborg ដែលជាប្រធានអាជ្ញាធរសុខាភិបាលនៃប្រទេសដាណឺម៉ាកបានប្រាប់ឲ្យដឹងថា វ៉ាក់សាំងដែលគេគ្រោងនឹងប្រើប្រាស់នោះគឺជាវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Bavarian Nordic ហើយហេតុផលនៃការចាក់វ៉ាក់សាំងនេះគឺដើម្បីកាត់បន្ថយគ្រោះថ្នាក់នៃជំងឺ ពោលគឺជួយការពារមិនឲ្យអ្នកជំងឺមានអាការៈធ្ងន់ធ្ងរ ប្រសិនបើពួកគេបានឆ្លងមេរោគពីអ្នកជំងឺអុតស្វា Monkeypox ។

យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលដាណឺម៉ាកមិនបានបញ្ជាក់ទេថា ប្រទេសដាណឺម៉ាកមានវ៉ាក់សាំងរក្សាទុកនៅក្នុងស្តុកស្រាប់ឬក៏ត្រូវបញ្ជាទិញពីប្រទេសណាមួយដើម្បីយកមកប្រើប្រាស់នោះទេ។ សូមបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយដំបៅស្បែក ដំណក់ទឹករងៃរបស់អ្នកជំងឺ ការប្រើប្រាស់ពូកនិងកន្សែងរួមគ្នាជាមួយអ្នកជំងឺ ខណៈអាការៈវិញមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំ ហើមកូនកណ្តុរ ញាក់ ហត់នឿយ និងមានកន្ទួលនៅលើដៃនិងមុខជាដើម។ គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការរាតត្បាតនៅតំបន់អឺរ៉ុបនិងសហករដ្ឋអាមេរិក ខណៈតួលេខអ្នកឆ្លងនៅមិនទាន់មានចំនួនច្រើននៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






