ករណីក្មេងប្រុសម្នាក់ធ្វើឲ្យបែករូបតុក្កតាតម្លៃរាប់ពាន់ដុល្លារនោះ ពេលនេះម្ចាស់ហាងសម្រេចប្រគល់ប្រាក់សំណងឲ្យទៅឪពុកម្តាយគេវិញហើយ
- BY
- Pheakdey
- May 25, 2022
ហុងកុង៖ រឿងរ៉ាវរបស់ក្មេងប្រុសម្នាក់ដែលបានធ្វើឲ្យបែករូបតុក្កតាសម្រាប់ដាក់តាំងនៅក្នុងហាងដែលមានតម្លៃរហូតដល់ជាង ៥ពាន់ដុល្លារនៅតែជាប្រធានបទក្តៅសម្រាប់បណ្តាញសារព័ត៌មានធំៗជាច្រើន ដ្បិតហេតុការណ៍នេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម។ គួររម្លឹកថា ហេតុការណ៍បានកើតឡើងនៅក្នុងហាងលក់របស់ក្មេងលេងឈ្មោះ KKPlus ស្ថិតនៅផ្សារទំនើប Langham Place ក្នុងទីក្រុងហុងកុង កាលពីចុងសប្តាហ៍កន្លងទៅនេះ។ រូបតុក្កតាដែលបានបែកនោះគឺរូបតួអង្គតុកក្តា Teletubbies ពណ៌មាស មានកម្ពស់ ១,៨ម៉ែត្រ ខណៈជនបង្កហេតុគឺជាកុមារាអាយុ ៥ឆ្នាំម្នាក់។

ភ្លាមៗក្រោយពេលរូបតុក្កតាបានដួលទៅលើដីនិងបានបែកខ្ទេចនោះ បុគ្គលិកនៅក្នុងហាង KKPlus បានចោទថា កុមារាដែលជាជនបង្កហេតុបានទាត់រូបតុក្កតាដោយចេតនានិងបានទាមទារឲ្យឪពុកម្តាយរបស់កុមារារូបនោះត្រូវសងថ្លៃខូចខាតជាប្រាក់ចំនួន ៣៣,៦០០ ដុល្លារហុងកុង (៤,២២៥ ដុល្លារអាមេរិក) ខណៈតុក្កតាមួយនោះត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ៥២,៨០០ ដុល្លារហុងកុង (៦,៧២៦ដុល្លារអាមេរិក) ឯណោះ។ យ៉ាងណាក្តី យោងតាមរបាយការណ៍ចុងក្រោយមួយដែលបានចុះផ្សាយដោយកាសែត South China Morning Post បានបញ្ជាក់ថា ក្រោយម្ចាស់រូបតុក្កតានិងជាអ្នករចនារូបតុក្កតាបានទទួលដំណឹងខាងលើនេះ គឺរូបគាត់បានប្រាប់ឲ្យហាង KKPlus ប្រគល់ប្រាក់គ្រប់ចំនួនទៅកាន់គ្រួសាររបស់កុមារាដែលជាជនបង្កហេតុវិញព្រោះគាត់បានមើលឃើញតាមរយៈវីដេអូមួយថា តាមការពិតកុមារារូបនោះមិនបានទាត់រូបតុក្កតាដោយចេតនានោះទេ ពោលគឺរូបគេបានផ្អែកទៅលើរូបតុក្កតានោះនិងបានធ្វើឲ្យវាដួលបែកទៅលើដីដោយអចេតនាប៉ុណ្ណោះ៕



អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post
- Share This Post:






