អន្តរជាតិ

ថៃសម្រេចអនុវត្តវិធានការរឹតបន្តឹងនៅតាមព្រលានយន្តហោះ ដើម្បីទប់ស្កាត់ការនាំចូលជំងឺអុតស្វា Monkeypox

BY
Pheakdey
May 25, 2022

ថៃ៖ ក្រសួងសុខាភិបាលនៃប្រទេសថៃបានសម្រេចអនុវត្តវិធានការរឹតបន្តឹងថ្មីមួយនៅតាមព្រលានយន្តហោះដើម្បីទប់ស្កាត់ការនាំចូលនូវជំងឺអុតស្វា Monkeypox តាមរយៈអ្នកដំណើរ ជាពិសេសគឺក្រុមអ្នកដំណើរមកពីប្រទេសចំនួន ១៧ ដែលកំពុងមានការរាតត្បាតជំងឺប្រភេទនេះ។ បើតាមលោក Sathit Pitutecha ដែលជាអនុរដ្ឋមន្ត្រីសុខាភិបាលថៃបានបញ្ជាក់ថា វិធានកា​រថ្មីដែលអាជ្ញាធរគ្រោងនឹងអនុវត្តនោះគឺបង្កើតការិយាល័យគ្រប់គ្រងជំងឺឆ្លងមួយនៅតាមគ្រប់ប្រលានយន្តហោះដើម្បីពិនិត្យមើលសុខភាពរបស់អ្នកដំណើរអន្តរជាតិមុននឹងអនុញ្ញាតឲ្យពួកគេបន្តដំណើរចេញពីព្រលានយន្តហោះ។

លោកអនុរដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា ក្នុងករណីដែលជំងឺអុតស្វា Monkeypox បានបង្កការចម្លងនៅតាមសហគមន៍នោះ គឺមន្ទីរពេទ្យឬគ្លីនិកព្យាបាលជំងឺសើស្បែកនិងជំងឺកាមរោគទាំងអស់ត្រូវតែទទួលព្យាបាលអ្នកជំងឺដោយគ្មានការរើសអើងនិងត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងឲ្យបានខ្ជាប់ខ្ជួនផងដែរ។ គួរបញ្ជាក់ជូនថា ជំងឺអុតស្វា Monkeypox ធ្លាប់បានរាតត្បាតម្តងរួចហើយកាលពីអំឡុងឆ្នាំ ១៩៨០ ហើយក្នុងរយៈពេលជាង ៤០ឆ្នាំកន្លងមកនេះគេនៅមិនទាន់អាចផលិតវ៉ាក់សាំងការពារជំងឺនេះបាននៅឡើយទេ។ គិតត្រឹមពេលនេះគឺគេមានត្រឹមតែវ៉ាក់សាំងសម្រាប់ចាក់ការពារមិនឲ្យអ្នកជំងឺអុតស្វា Monkeypox មានអាការធ្ងន់ធ្ងរប៉ុណ្ណោះ ខណៈវ៉ាក់សាំងសម្រាប់ប្រឆាំងមិនឲ្យឆ្លងគឺកំពុងស្ថិតក្នុងដំណាក់ផលិតបានត្រឹម ៨៥%ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍ 

 

Share This Post: