ការស្ទង់មតិមួយបង្ហាញថា យុវជនថៃជិត៨%កំពុងស្ថិតក្នុងហានិភ័យនៃការធ្វើអត្តឃាត ខណៈជាង ៥%ស្ថិតក្នុងហានិភ័យនៃការកើតមានជំងឺបាក់ទឹកចិត្ត
- BY
- Pheakdey
- May 25, 2022
ថៃ៖ ការស្ទង់មតិមួយបានរកឃើញថា យុវជនថៃចំនួន ៧,៩៩% កំពុងស្ថិតនៅក្នុងហានិភ័យនៃការធ្វើអត្តឃាត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃពុធ ទី២៥ ខែឧសភានេះ។ ការស្ទង់មតិមួយនេះត្រូវបានធ្វើឡើងដោយក្រសួងសុខាភិបាលថៃ និងបានធ្វើឡើងក្នុងចំណោមក្រុមយុវជនថៃរាប់ម៉ឺននាក់ដែលមានអាយុក្រោម ១៨ឆ្នាំ ខណៈដំណើរនៃការស្ទង់មតិនេះបានចាប់ផ្តើមចាប់ពីថ្ងៃទី១២ ខែកុម្ភៈ និងបានបិទបញ្ចប់កាលពីថ្ងៃទី ២៣ ខែឧសភានេះ។

ទិន្នន័យនៃការស្ទង់មតិបានបង្ហាញទៀតថា មានក្រុមយុវជនថៃចំនួន ៥,៣៤% កំពុងស្ថិតក្នុងហានិភ័យនៃការកើតមានជំងឺបាក់ទឹកចិត្ត (Depression) ផងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Amporn Benjapolpitak ដែលជាអ្នកដឹកនាំការស្ទង់មតិនេះបានបន្ថែមទៀតថា ទិន្នន័យជារួមនៃការស្ទង់មតិបានបង្ហាញថា មានយុវជនថៃម្នាក់ក្នុងចំណោម ៧នាក់កំពុងមានបញ្ហាសុខភាពផ្លូវចិត្ត ខណៈតួលេខនេះមានការកើនឡើងទ្វារដងបើធៀបទៅនឹងរយៈពេលមុនផ្ទុះការរាតត្បាតជំងឺកូវីដ-១៩៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






