ថៃកំពុងស្វែងរកទិញវ៉ាក់សាំងជំងឺអុតស្វា Monkeypox មកបម្រុងទុក បើទោះជាមិនទាន់រកឃើញករណីឆ្លងដំបូងក៏ដោយ
- BY
- Pheakdey
- May 27, 2022
ថៃ៖ រដ្ឋាភិបាលថៃកំពុងព្យាយាមស្វែងរកទិញវ៉ាក់សាំងជំងឺអុតស្វា Monkeypox ពីអង្គការសុខភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភានេះ។ បើតាមលោក Anutin Charnvirakul ដែលជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា គិតត្រឹមពេលនេះថៃនៅមិនទាន់រកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅឡើយទេ តែការព្យាយាមទិញវ៉ាក់សាំងនេះគឺដើម្បីជាការបម្រុងទុកមុនសម្រាប់ទុកប្រើប្រាស់ឲ្យបានទាន់ពេលវេលាក្នុងករណីដែលជំងឺឆ្លងថ្មីនេះបានរាតត្បាតចូលក្នុងសហគមន៍ថៃ។

គួររម្លឹកជូនថា ថៃបានយកចិត្តទុកដាក់ចំពោះបច្ចុប្បន្នភាពនៃជំងឺអុតស្វា Monkeypox យ៉ាងខ្លាំង ដោយកាលពីពេលថ្មីៗនេះអាជ្ញាធរថៃបានសម្រេចបង្កើតការិយាល័យសុខភាពនៅតាមព្រលានយន្តហោះទៀតផងដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរអន្តរជាតិ ពិសេសអ្នកដំណើរមកពីបណ្តាប្រទេសដែលកំពុងមានការរាតត្បាតជំងឺប្រភេទនេះ។ សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលនេះជំងឺអុតស្វា Monkeypox កំពុងបង្កការរាតត្បាតគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសអង់គ្លេស ដោយអង់គ្លេសបានរកឃើញអ្នកឆ្លងថ្មីជាច្រើនថ្ងៃជាប់ៗគ្នាមកហើយ ខណៈនៅក្នុងថ្ងៃនេះអង់គ្លេសក៏បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ៩នាក់បន្ថែមទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






