ចិននិងរុស្ស៊ីប្រើសិទ្ធវេតូនៅអង្គការសហប្រជាជាតិដើម្បីជំទាស់មិនឲ្យអាមេរិកដាក់ទណ្ឌកម្មកូរ៉េខាងជើង
- BY
- Pheakdey
- May 27, 2022
ប្រទេសចិននិងរុស្ស៊ីបានបានសម្រេចប្រើប្រាស់សិទ្ធវេតូនៅឯអង្គការសហប្រជាជាតិដើម្បីជំទាស់មិនឲ្យអាមេរិកដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងនោះទេ ចំពោះសកម្មភាពដែលទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលផ្លោងអន្តរទ្វីបកាលពីពេលថ្មីៗនេះ។ បើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ បានឲ្យដឹងថា ការសម្រេចលើសិទ្ធវេតូរបស់ប្រទេសទាំង ២នេះត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី ២៦ ខែឧសភា ម្សិលមិញនេះ ខណៈមានប្រទេសជាសមាជិកក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងជាសម្ព័ន្ធមិត្តជាមួយអាមេរិកចំនួន ១៣ប្រទេសបាននាំគ្នាបានគាំទ្រអាមេរិកចំពោះការសម្រេចដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើង។

បើតាមលោក Zhang Jun ដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិបានលើកឡើងថា គាត់ចង់ឲ្យអាមេរិកជ្រើសរើសយកដំណោះស្រាយផ្នែកនយោបាយជាជាងការដាក់ទណ្ឌកម្ម ដ្បិតទណ្ឌកម្មនឹងបង្កឲ្យមានផលអវិជ្ជមានបន្ថែមទៀតទៅលើវិបត្តិដែលមានស្រាប់។ ឯកអគ្គរដ្ឋទូតចិនរូបនេះបានបន្តថា ពេលនេះប្រទេសកូរ៉េខាងជើងកំពុងតែជួបប្រទះនឹងវិបត្តិថ្មីមួយគឺការរាតត្បាតជំងឺកូវីដ-១៩ ដូចនេះការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចពីសំណាក់អាមេរិកនឹងធ្វើឲ្យកូរ៉េខាងជើងកើតមានវិបត្តិផ្នែកមនុស្សធម៌មួយបន្ថែមទៀត ខណៈអ្នកដែលរងគ្រោះខ្លាំងបំផុតគឺជាពលរដ្ឋកូរ៉េខាងជើងដែលកំពុងតែមានជីវភាពខ្វះខាតស្រាប់ទៅហើយ។ សូមបញ្ជាក់ថា តាមគម្រោងគឺអាមេរិកចង់ដាក់ទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងតាមរយៈកាត់បន្ថយការនាំប្រេងចូលទៅក្នុងប្រទេសមួយនេះ ដោយកាត់បន្ថយពី ៤លានបារ៉ែលមកសល់ត្រឹម ៣លានបារ៉ែលក្នុងមួយឆ្នាំ៕


អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






