កូរ៉េខាងជើងធ្វើតេស្តទឹកទន្លេ ទឹកបឹង កាកសំណល់រាវនៅតាមផ្ទះ ខ្យល់ និងសំរាមដើម្បីទប់ទល់នឹងការរាតត្បាតកូវីដ-១៩
- BY
- Pheakdey
- May 27, 2022
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៧ ខែឧសភានេះបានឲ្យដឹងថា អាជ្ញាធរសុខាភិបាលកូរ៉េខាងជើងបានផ្តើមធ្វើតេស្តទឹកទន្លេ ទឹកបឹង កាកសំណល់រាវនៅតាមផ្ទះ ខ្យល់ និងសំរាមនៅតាមទីសាធារណៈ ដែលវិធានការនេះត្រូវបានធ្វើឡើងជាផ្នែកមួយសម្រាប់ទប់ទល់ទៅនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ ការសម្រេចធ្វើតេស្តខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងបានធូរស្រាលបន្តិច ប៉ុន្តែខាងអាជ្ញាធរសុខាភិបាលចង់បញ្ជាក់ច្បាស់ថា ប្រភពចម្លងដូចបានជម្រាបជូនខាងលើនេះពិតជាគ្មានផ្ទុកមេរោគនៃជំងឺកូវីដ-១៩នោះទេ។

គួរបញ្ជាក់ជូនថា តួលេខអ្នកមានអាការៈក្តៅខ្លួននៅក្នុងប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ពោលគឺបានធ្លាក់ចុះពីខ្ទង់ ៤០០,០០០ កាលពីជាង ១០ថ្ងៃមុន មកសល់ត្រឹម ១០០,៦៤០នាក់ប៉ុណ្ណោះនៅល្ងាចថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ គិតត្រឹមពេលនេះកូរ៉េខាងជើងបានរកឃើញអ្នកមានអាការៈក្តៅខ្លួនសរុបជាង ៣,២លាននាក់ ស្លាប់សរុប ៦៩នាក់ ក្នុងចំណោមពលរដ្ឋសរុបជាង ២៥លាននាក់។ គួររម្លឹកជូនផងដែរថា កូរ៉េខាងជើងមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ជូនពលរដ្ឋខ្លួននោះទេ ហើយកូរ៉េខាងជើងក៏មិនបានធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមអ្នកមានអាការៈគ្រុនក្តៅដែរ ដោយខាងក្រុមគ្រូពេទ្យគ្រាន់តែព្យាបាលអ្នកជំងឺតាមអាការៈជាក់ស្តែងរបស់ពួកគេតែប៉ុណ្ណោះ ខណៈក្រុមអ្នកជំងឺទាំងអស់នោះគឺមានអាការៈដូចគ្នានឹងអ្នកជំងឺកូវីដ-១៩ទូទៅអីចឹងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






