អន្តរជាតិ

អាជ្ញាធរថៃបញ្ជាក់ថាព័ត៌មាន “អ្នកចាក់វ៉ាក់សាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox ” ជាព័ត៌មានមិនពិត

BY
Pheakdey
May 31, 2022

ថៃ៖ ព័ត៌មានក្លែងក្លាយត្រូវបានគេបង្កើតឡើងនៅគ្រប់ទីកន្លែងជាពិសេសនៅតាមបណ្តាញសង្គមតែម្តង ដ្បិតនៅក្នុងក្របខណ្ឌនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានេះ ការផលិតនិងចែកចាយដំណឹងគ្រប់បែបយ៉ាងកាន់តែមានភាពងាយស្រួសនិងសម្បូរបែបបំផុត។ គោលបំណងនៃការបង្កើតព័ត៌មានក្លែងក្លាយនេះគឺដើម្បីទាញយកផលប្រយោជន៍ផ្សេងៗរួមមាន ទាញយកការចាប់អារម្មណ៍នៅលើបណ្តាញសង្គម ផលប្រយោជន៍ផ្នែកនយោបាយ  និងឆ្លៀតឱកាសធ្វើអាជីវកម្មក្នុងរួមភាពណាមួយជាដើម។ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ទី៣០ ខែឧសភានេះ អាជ្ញាធរថៃបានបង្ហាញនូវព័ត៌មានក្លែងក្លាយចំនួន ១០​ ដែលទទួលបានការចាប់ខ្លាំងបំផុតនៅក្នុងបណ្តាញសង្គមថៃក្នុងរយៈពេលថ្មីៗនេះ ដើម្បីកុំឲ្យពលរដ្ឋមានការភ័ន្តច្រឡំ។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយទាំង ១០នោះរួមមាន៖

១៖ មន្ទីរពេទ្យ  Bumrungrad មានឧបករណ៍សម្រាប់ព្យាបាលជំងឺត្រចៀកគ្រប់បែបយ៉ាងរួមទាំងព្យាបាលជំងឺថ្លង់

២៖ អ្នកដែលបានចាក់វ៉ាកសាំង AstraZeneca ងាយកើតជំងឺអុតស្វា Monkeypox

៣៖ ការលុបចោលបុណ្យចូលវស្សាដើម្បីកាត់បន្ថយភាពសំខាន់របស់ព្រះពុទ្ធសាសនា

៤៖ ស៊ុតក្លែងក្លាយត្រូវបានផលិតនិងចែកចាយទូទាំងប្រទេសថៃ

៥៖ ធនាគារជាតិថៃនឹងផ្តល់ប្រាក់កម្ចីទិញផ្ទះរហូតដល់ ១លានបាត (ជិត ៣ម៉ឺនដុល្លារ) ជាមួយនឹងការបង់ប្រាក់សងធនាគារវិញត្រឹម ១០បាត (០,៣០​ ដុល្លារ) ក្នុងមួយខែ។

៦៖ ការិយាល័យសន្តិសុខសង្គមកំពុងផ្តល់ប្រាក់កម្ចីដែលអាចបង់រំលស់ក្នុងរយៈពេល ៣៦ខែ

៧៖ កម្មវិធីកាបូបឌីជីថល Paotang អនុញ្ញាតឱ្យពលរដ្ឋអាចខ្ចីប្រាក់រហូតដល់ ៥,០០០បាត ដោយមានការយល់ព្រមក្នុងរយៈពេលត្រឹម ៣នាទី។

៨៖ ការញ៉ាំតៅហ៊ូនិងទឹកឃ្មុំបង្កើនហានិភ័យនៃការកើតមានជំងឺថ្លង់។

៩៖ ធនាគារ​ថៃ​កំពុង​ផ្ញើ​សារ​ទៅ​ប្រជាពលរដ្ឋដើម្បីបញ្ជាក់ថា​ពួកគេ​បាន​ទទួលប្រាក់​កម្ចី។

១០៖ នាយកដ្ឋានគ្រប់គ្រងប្រាក់​ចំណូល​អាច​បង្កក​គណនី​ធនាគារ​ដោយ​មិន​ចាំបាច់​សុំ​ដីកា​ពី​តុលាការ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Nation Thailand

Share This Post: