លោក ចូ បៃឌិន យល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបឲ្យអ៊ុយក្រែនដែលជាផ្នែកមួយនៃកញ្ចប់ជំនួយតម្លៃ ៧០០លានដុល្លារ
- BY
- Pheakdey
- June 1, 2022
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានយល់ព្រមផ្តល់ប្រព័ន្ធរ៉ុកកែតទំនើបដែលអាចបាញ់បានចំគោលដៅក្នុងរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១ ខែមិថុនានេះ។ ប្រព័ន្ធរ៉ុកកែតទំនើបនេះគឺផ្នែកមួយនៃកញ្ចប់ជំនួយយោធាដែលមានតម្លៃសរុបចំនួន ៧០០លានដុល្លារ ហើយតាមគម្រោងគឺកញ្ចប់ជំនួយយោធាដ៏ធំមួយនេះនឹងត្រូវបញ្ចេញនៅក្នុងថ្ងៃទី១ ខែមិថុនានេះតែម្តង។

ប្រភពខាងលើបានបន្តថា ប្រព័ន្ធរ៉ុកកែតទំនើបដែលអាមេរិកកំពុងផ្តល់ជូនអ៊ុយក្រែននេះអាចនិយាយដោយស្រួលយល់ថា គឺជាប្រព័ន្ធកាំភ្លើងធំចល័តដែលគេងាយនឹងបាញ់ចេញពីគ្រប់ទីកន្លែងជាមួយនឹងអនុភាពដ៏ខ្លាំងសម្បើប។ ជាងនេះទៅទៀតប្រព័ន្ធកាំភ្លើងចល័តនេះអាចបាញ់ចំគោលដៅបានយ៉ាងល្អក្នុងចម្ងាយរហូតដល់ ៨០គីឡូម៉ែត្រ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែមកហើយ និងគិតត្រឹមពេលនេះភ្លើងសង្គ្រាមហាក់គ្មានសញ្ញាអន់ថយទាល់តែសោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






