អន្តរជាតិ

ក្រុមចម្រៀងបុរសល្បីឈ្មោះកូរ៉េខាងត្បូង BTS បានចូលជួបជាមួយលោក ចូ បៃឌិន នៅសេតវិមាន ដើម្បីពិភាក្សាអំពីការបញ្ហាការរើសអើងប្រជាជន ដែលមានដើមកំណើតអាស៊ី

BY
Pheakdey
June 1, 2022

អាមេរិក៖ ក្រុមតារាចម្រៀងប្រុសដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូងគឺក្រុម BTS បានធ្វើដំណើរទៅដល់ទឹកដីអាមេរិកដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយជាមួយនឹងលោកប្រធានាធិបតី ចូ បៃឌិន កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភាម្សិលម្សិលមិញនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍​ បានឲ្យដឹងថា ជំនួបដ៏មានសារៈសំខាន់នោះត្រូវបានរៀបចំឡើងនៅឯសេតវិមានអាមេរិក ហើយនៅក្នុងឱកាសនោះក្រុមតារាចម្រៀង K-pop បានអំពាវនាវយ៉ាងទទូចឲ្យមានការបញ្ឈប់ការស្អប់ខ្ពើម ការរើសអើសមកលើប្រជាជនអាមេរិក ដែលមានដើមកំណើតអាស៊ី។ លោក Jimin  ដែលជាសមាជិកមួយរូបរបស់ BTS បាននិយាយថា ពួកយើងទទួលរងនូវការបំផ្លិចបំផ្លាញយ៉ាងច្រើនពីឧក្រិដ្ឋកម្មប្រឆាំងនឹងពលរដ្ឋដើមកំណើតអាស៊ីនៅលើទឹកអាមេរិកនារយៈពេលកន្លងមក  ហើយពួកយើងសូមធ្វើការប្រឆាំងយ៉ាងដាច់ខាតចំពោះនិន្នាការរើសអើងមួយនេះ។

គួររម្លឹកជូនថា ផ្នត់គំនិតរើសអើងនិងស្អប់ខ្ពើមជនជាតិអាស៊ីបានកើតឡើងក្រោយមានការរាតត្បាតនៃជំងឺកូវីដ-១៩ ដ្បិតក្រុមពលរដ្ឋនៅអាមេរិកនិងពលរដ្ឋនៅតាមបណ្តាប្រទេសលោកខាងលិចនាំគ្នាគិតថា ចិនដែលជាប្រទេសអាស៊ីគឺជាអ្នកបង្កើតឲ្យមានវិបត្តិសកលមួយនេះ។ សូមបញ្ជាក់ជូនផងដែរថា BTS គឺជាក្រុមតារាចម្រៀងដ៏មានសក្តានុពលរដ្ឋក្នុងចំណោមក្រុមយុវជននៅជុំវិញពិភពលោក ហើយនាពេលកន្លងមកក្រុម K-pop មួយនេះធ្លាប់ធ្វើការរៃអង្គាសប្រាក់ពីក្រុមអ្នកគាំទ្រខ្លួនបានរហូតដល់ ១លានដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ ១ថ្ងៃដើម្បីគាំទ្រដល់ចលនាប្រឆាំងការរើសអើងជនជាតិស្បែកខ្មៅនៅអាមេរិកផងដែរ។ បើតាមសេតវិមានអាមេរិកបានបញ្ជាក់ថា គោលបំណងនៃកិច្ចប្រជុំរវាងក្រុម BTS និងលោក ចូ បៃឌិន នៅពេលនេះគឺដើម្បីពិភាក្សាអំពីសារៈសំខាន់នៃភាពចម្រុះជាតិសាសន៍និងដើម្បីបញ្ចូលក្រុម BTS ជាឯកអគ្គរដ្ឋទូតយុវជនសម្រាប់ផ្សព្វផ្សាយសារអំពីក្តីសង្ឃឹមនិងសុទិដ្ឋិនិយមនៅទូទាំងពិភពលោក៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: