អន្តរជាតិ

អង់គ្លេសបញ្ជាក់ថា បានរកឃើញករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅក្នុងសហគមន៍ជាលើកដំបូងហើយ

BY
Pheakdey
June 2, 2022

អង់គ្លេស៖ ទីភ្នាក់ងារសន្តិសុខសុខភាពនៃចក្រភពអង់គ្លេសបានបញ្ជាក់ថា បានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់នៅក្នុងសហគមន៍ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមិថុនានេះ។ ជំងឺអុតស្វា Monkeypox ដែលមានប្រភពមកពីតំបន់ភាគខាងលិចនិងភាគកណ្តាលនៃប្រទេសអាហ្វ្រិកខាងត្បូងនោះត្រូវបានគេកត់សម្គាល់ថា អាចបង្កការចម្លងតាមរយៈការប៉ះពាល់ដោយជិតស្និតជាមួយអ្នកជំងឺ ជាពិសេសនោះគឺចម្លងតាមទឹករងៃឬសារធាតុរាវផ្សេងៗនៅលើរាងកាយរបស់អ្នកជំងឺ។

ប្រភពខាងលើបានបន្តថា សម្រាប់នៅក្នុងចក្រភពអង់គ្លេសទាំងមូលគឺគេបានរកឃើញករណីឆ្លងជំងឺអុតស្វា Monkeypox ចំនួន ១៩០ករណីហើយ ដោយក្នុងនោះមានករណីឆ្លងគួរឲ្យកត់សម្គាល់មួយចំនួនផងដែរ ដូចជា ២ករណីបានកើតមានចំពោះស្ត្រី ១១១ករណីបានកើតមានក្នុងចំណោមក្រុមបុរសស្រលាញ់បុរសដូចគ្នា និងក្រៅពីនេះករណីឆ្លងត្រូវបានរកឃើញក្នុងចំណោមអ្នកដំណើរទូទៅ។ គួរបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះជំងឺអុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សចំនួន ៥៥០នាក់ហើយ ដោយករណីឆ្លងទាំងនោះត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ៣០ផ្សេងគ្នាដោយមិនរាប់បញ្ចូលប្រទេសអាហ្វ្រិកខាងត្បូងដែលប្រភពដើមនៃមេរោគនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: