WHO វាយតម្លៃថា កូវីដ-១៩នៅកូរ៉េខាងជើងបានវិវឌ្ឍន៍ទៅកាន់កម្រិតធ្ងន់ធ្ងរមួយផ្ទុយពីការអះអាងរបស់អាជ្ញាធរក្រុងព្យុងយ៉ាង
- BY
- Pheakdey
- June 2, 2022
កូរ៉េខាងជើង៖ អង្គការសុខភាពពិភពលោកបានឲ្យដឹងកាលពីថ្ងៃពុធ ទី១ ខែមិថុនា ម្សិលមិញនេះថា ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងទំនងជាបានវិវឌ្ឍន៍ទៅកាន់ស្ថានភាពអាក្រក់មួយ ពោលគឺផ្ទុយពីការរបាយការណ៍របស់អាជ្ញាធរក្រុងព្យុងយ៉ាងដែលអះអាងថា ស្ថានភាពរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងគឺស្ថិតនៅក្នុងកម្រិតមួយដែលគេអាចគ្រប់គ្រងបាន។ របាយការណ៍ចុងក្រោយមួយដែលអាចទទួលបានពីអាជ្ញាធរសុខាភិបាលកូរ៉េខាងជើងគឺ ចំនួនពលរដ្ឋដែលមានរោគសញ្ញាក្តៅខ្លួនបានធ្លាក់ចុះយ៉ាងច្រើន ពោលគឺបានធ្លាក់ពីខ្ទង់ជាង ៣៩០,០០០នាក់មកសល់ត្រឹមជាង ១០០,០០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈតួលេខអ្នកស្លាប់វិញគឺមានចំនួនតិចតួចបំផុតដោយគិតជាមធ្យមភាគគឺមានកម្រិតត្រឹម ០,០០២ %ប៉ុណ្ណោះ។

បើតាមលោក Michael Ryan ដែលជានាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការសុខភាពពិភពលោកបានលើកឡើងថា គិតរហូតមកទល់នឹងពេលនេះគេនៅមិនអាចទទួលបានទិន្នន័យរបស់អ្នកជំងឺ ចំនួនថ្នាំពេទ្យឬចំនួនវ៉ាក់សាំង និងព័ត៌មានលម្អិតអំពីការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ ដ្បិតទីក្រុងយ៉ាងតែងព្យាយាមលាក់បាំងព័ត៌មានសំខាន់ៗទាំងអស់នេះ។ យ៉ាងណាក្តី បើគេធ្វើការសិក្សាទៅលើស្ថានភាពជាក់ស្តែងគឺគេអាចវាយតម្លៃបានថា ការរាតត្បាតជំងឺកូវីដ-១៩នៅកូរ៉េខាងជើងអាចកំពុងស្ថិតក្នុងកម្រិតអាក្រក់មួយដោយហេតុថា កូរ៉េខាងជើងជាប្រទេសមួយដែលមានប្រព័ន្ធសុខាភិបាលកម្រិតទាបបំផុតនៅលើពិភពលោក កូរ៉េខាងជើងមិនដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនពលរដ្ឋខ្លួនទាល់តែសោះ ហើយកូរ៉េខាងជើងក៏មិនបានប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ក្នុងចំណោមពលរដ្ឋខ្លួនដែរ ពោលគឺកូរ៉េខាងជើងគ្រាន់តែរាយការណ៍ថា បានរកឃើញអ្នកមានរោគសញ្ញាគ្រុនក្តៅដែលស្ថិតក្នុងការសង្ស័យថាបានឆ្លងកូវីដ-១៩ ចំនួន ៣,៧លាននាក់ប៉ុណ្ណោះ។ លោក Michael Ryan បានពន្យល់បន្តថា នាពេលកន្លងមកប្រទេសមួយចំនួនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ជាច្រើនដូសជូនពលរដ្ឋខ្លួននិងមានប្រព័ន្ធសុខាពិបាលកម្រិតខ្ពស់ទៅហើយនោះនៅតែប្រកាសន្នពីអំពីហានិភ័យនៃជំងឺកូវីដ-១៩ ដូចនេះវាមិនអាចទៅរួចទេដែលកូរ៉េខាងជើងអាចប្រយុទ្ធយកឈ្នះកូវីដ-១៩ បានលឿនយ៉ាងនេះ។ ផ្ទុយទៅវិញបើអ្នកមានរោគសញ្ញាគ្រុនក្តៅទាំងជាង ៣,៧លាននោះសុទ្ធតែវិជ្ជមានកូវីដ-១៩ ពិតមែននោះ គឺវាច្បាស់ណាស់ថាកូរ៉េខាងជើងមិនអាចទប់ទល់នឹងរលកនៃការរាតត្បាតបាននោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






