អន្តរជាតិ

ជប៉ុនបើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ តែតម្រូវឲ្យពាក់ម៉ាស់ជាចាំបាច់និងបន្តអនុវត្តវិធានការមួយចំនួន

BY
Pheakdey
June 8, 2022

ជប៉ុន៖ បើគ្មានអ្វីប្រែប្រួលទេជប៉ុននឹងបើកប្រទេសទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញចាប់ពីថ្ងៃទី ១០ ខែមិថុនាខាងមុខនេះហើយ ក្រោយការបិទខ្ទប់អស់រយៈជាង ២ឆ្នាំព្រោះតែវិបត្តិនៃជំងឺកូវីដ-១៩។ បើទោះជាមានការសម្រេចបើកប្រទេសឡើងវិញក៏ពិតមែន តែអាជ្ញាធរសុខាជប៉ុននឹងបន្តអនុវត្តវិធានការចាំបាច់មួយចំនួនទៀត ដើម្បីធានាបាននូវសុវត្ថិភាពទាំងសម្រាប់អ្នកដំណើរនិងពលរដ្ឋនៅតាមសហគមន៍ទេសចរណ៍ក្នុងប្រទេសជប៉ុន។ ជាក់ស្តែងកាលពីថ្ងៃអង្គារ ទី៧ ខែមិថុនាម្សិលមិញនេះ​ ទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបញ្ជាក់ថា គ្រប់អ្នកដំណើរអន្តរជាតិទាំងអស់នឹងតម្រូវឲ្យពាក់ម៉ាស់ជាចាំបាច់ មិនថាពួកគេមកពីប្រទេសដែលមានហានិភ័យនៃការចម្លងជំងឺកម្រិតខ្ពស់ឬទាបនោះទេ។

បន្ថែមពីលើនេះទៀតគ្រប់អ្នកដំណើរទាំងអស់នឹងតម្រូវឲ្យទទួលយកសេវាធានារ៉ាប់រងផ្នែកវេជ្ជាសាស្រ្តឯកជនមួយផងដែរ ខណៈសេវាធានារ៉ាប់រងនោះនឹងផ្តល់ជូនអ្នកដំណើរវិញនូវការមើលថែយ៉ាងយកចិត្តទុកដាក់ពេញមួយរយៈពេលនៃការស្នាក់នៅក្នុងប្រទេសជប៉ុនតែម្តង។ ទីភ្នាក់ងារទេសចរណ៍ជប៉ុនបានបន្ថែមទៀតថា ក្រៅតែពីតម្រូវឲ្យអ្នកដំណើរទាំងអស់អនុវត្តតាមលក្ខខណ្ឌខាងលើនេះអាជ្ញាធរជប៉ុនក៏បានរៀបចំក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើននាក់ផងដែរដើម្បីរម្លឹកអ្នកទេសចរណ៍អន្តរជាតិអំពីរបៀបការពារខ្លួនពីជំងឺកូវីដ-១៩ ក៏ដូចជាជួយណែនាំអំពីទីតាំងសុវត្ថិភាពដែលអ្នកដំណើរគួរទៅកំសាន្ត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៩កន្លងទៅជប៉ុនធ្លាប់ទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ៣១,៩លាននាក់ ដែលអាចបង្កើតប្រាក់ចំណូលបានរហូតដល់ ៤,៨១​ លានលានយ៉េន (ជាង ៣៦ពាន់លានដុល្លារអាមេរិក)៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: