WHO បញ្ជាក់ថា ករណីឆ្លងជំងឺអុតស្វា Monkeypox បានកើនដល់ជាង ១,០០០នាក់ហើយនៅក្នុងប្រទេស ២៩ផ្សេងគ្នាដោយមិនបញ្ចូលករណីរាតត្បាតនៅតំបន់អាហ្វ្រិក
- BY
- Pheakdey
- June 9, 2022
របាយការណ៍ចុងក្រោយមួយរបស់អង្គការសុខភាពពិភពលោកដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃទី៨ ខែមិថុនាបានបង្ហាញថា ករណីរាតត្បាតជំងឺអុតស្វា Monkeypox នៅជុំវិញពិភពលោកបានកើនឡើងដល់ជាង ១,០០០ ករណីហើយ ដោយតួលេខនេះមិនរាប់បញ្ចូលចំនួនអ្នកឆ្លងក្នុងបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិកដែលជាកន្លែងផ្តើមមានមេរោគនិងជាកន្លែងដែលមានការចម្លងជាទូទៅនោះទេ។ យ៉ាងណាក្តី គិតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox កើតមាននៅក្រៅតំបន់អាហ្វ្រិកនៅឡើយទេ។

បើតាមលោក Tedros Adhanom Ghebreyesus ដែលជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ហានិភ័យនៃជំងឺអុតស្វា Monkeypox បានកើនឡើងគួរឲ្យកត់សម្គាល់ព្រោះមេរោគបានបន្តចម្លងចូលទៅក្នុងប្រទេសដែលមិនធ្លាប់មានករណីឆ្លងពីមុនមកទាល់តែសោះ និងគិតត្រឹមពេលនេះករណីឆ្លងកំពុងកើតមាននៅក្នុងប្រទេសចំនួន ២៩ផ្សេងគ្នាដោយមិនគិតប្រទេសនៅតំបន់អាហ្វ្រិក។ លោកអគ្គនាយកនៃអង្គការសុខភាពពិភពលោករូបនេះបាននិយាយដាច់ដោយឡែកថា នៅក្នុងឆ្នាំនេះនៅតំបន់អាហ្វ្រិកទាំងមូលគឺមានករណីសង្ស័យឆ្លងជំងឺអុតស្វា Monkeypox រហូតដល់ ១,៤០០ករណី ខណៈករណីស្លាប់វិញមានរហូតដល់ ៦៦ករណីផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






