អន្តរជាតិ

ចិនព្រមានអាមេរិកថា “ប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេជុំវិញបញ្ហាកោះតៃវ៉ាន់”

BY
Pheakdey
June 11, 2022

សិង្ហបុរី៖ “ទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរក្នុងការធ្វើសង្គ្រាមនោះទេ ប្រសិនបើកោះតៃវ៉ាន់ហ៊ានប្រកាសរដ្ឋឯករាជ្យ” នេះបើយោងតាមប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងការពារចិនដែលបានថ្លែងព្រមានទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី១០​ ខែមិថុនាម្សិលមិញនេះ។ ការព្រមានខ្លាំងៗនេះត្រូវបានធ្វើឡើងក្នុងឱកាសដែលលោករដ្ឋមន្ត្រីការពារចិន Wei Fenghe បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខ Shangri-La Dialogue នៅក្នុងប្រទេសសិង្ហបុរី ហើយការព្រមាននោះទៀតសោធគឺត្រូវបានធ្វើនៅក្នុងជំនួបដោយផ្ទាល់និងជាលើកដំបូងជាមួយលោក Lloyd Austin ដែលជារដ្ឋមន្ត្រីការពារជាតិអាមេរិកផងដែរ។

លោក Wei Fenghe រដ្ឋមន្ត្រីការពារចិន 

រដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានបញ្ជាក់ច្បាស់ៗថា ប្រសិនបើអ្នកណាម្នាក់ហ៊ានមកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិននោះគឺចិននឹងប្រកាសសង្គ្រាមភ្លាមៗដោយមិនស្ទាក់ស្ទើរនោះទេ បើទោះជាសង្គ្រាមនោះត្រូវចំណាយអស់ច្រើនយ៉ាងណាក៏ដោយ។ គួររម្លឹកជូនថា ភាពតានតឹងរវាងចិននិងអាមេរិកចំពោះកោះតៃវ៉ាន់នេះមិនមែនជារឿងថ្មីឡើយ ដ្បិតនាពេលកន្លងមកអាមេរិកគឺជាអ្នកជួយគាំទ្រកោះតៃវ៉ាន់ឲ្យផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិននៅតែចិញ្ចឹមចិត្តរក្សាកោះតែវ៉ាន់ទុកជាផ្នែកមួយនៃប្រទេសរបស់ខ្លួន បើទោះជាតៃវ៉ាន់មានប្រព័ន្ធដឹកនាំនិងរដ្ឋបាលដាច់ដោយឡែកមួយពីរដ្ឋបាលរបស់ក្រុងប៉េកាំងក៏ដោយ។ យ៉ាងណាក្តី ភាពតានតឹងនេះបានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីពេលថ្មីៗនេះលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសជាសាធារណៈថា អាមេរិកនឹងជួយការពារកោះតៃវ៉ាន់គ្រប់បែបយ៉ាងពីការឈ្លានពានរបស់ចិន។ គួរបញ្ជាក់ថា ការថ្លែងរបស់លោក ចូ បៃឌិននេះគឺជាការនិយាយចំៗនិងជាសាធារណៈលើកដំបូងហើយសម្រាប់អាមេរិក ដ្បិតនាពេលកន្លងមករដ្ឋបាលអាមេរិកគ្រាន់តែបង្ហាញជំហរគាំទ្រតៃវ៉ាន់ត្រឹមជាលក្ខណៈការទូតប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: