ស្រ្តីអាមេរិកម្នាក់ទទួលបានប្រាក់ជាង ៥លានដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងរថយន្ត ក្រោយរូបគាត់បានឆ្លងជំងឺកាមរោគនៅអំឡុងពេលរួមភេទក្នុងរថយន្ត
- BY
- Pheakdey
- June 11, 2022
អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសោរ៍ ទី១១ ខែមិថុនានេះ បានឲ្យដឹងថា មានស្រ្តីអាមេរិកម្នាក់បានទទួលប្រាក់រង្វាន់ពីក្រុមហ៊ុនធានារ៉ាប់រងរថយន្តចំនួន ៥,២លានដុល្លារ ក្រោយរូបគាត់បានឆ្លងជំងឺកាមរោគក្នុងអំឡុងពេលរួមភេទនៅក្នុងរថយន្តមួយគ្រឿងដែលជារថយន្តមានប័ណ្ណធានារ៉ាប់រងត្រឹមត្រូវតាមផ្លូវច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងរដ្ឋ Missouri សហរដ្ឋអាមេរិក យ៉ាងណាក្តីគេមិនបានបញ្ជាក់អំពីឈ្មោះរបស់ស្រ្តីរងគ្រោះនិងឈ្មោះក្រុមហ៊ុនធានារ៉ាប់រងដែលបានផ្តល់រង្វាន់ក្នុងទំហំទឹកប្រាក់យ៉ាងច្រើនដល់ជនរងគ្រោះចំពោះករណីដ៏កម្រមួយនេះ។

ប្រភពខាងលើបានបន្តថា រឿងរ៉ាវចម្រូងចម្រាសមួយនេះបានកើតឡើងតាំងពីឆ្នាំ ២០១៧ ម្លេះ ដោយពេលនោះស្រ្តីរងគ្រោះបានធ្វើសកម្មភាពរួមភេទជាមួយដៃគូដែលជាម្ចាស់រថយន្តដោយមិនបានការពារហើយក៏បានឆ្លងជំងឺកាមរោគប្រភេទ Human papillomavirus (HPV) ដែលជាជំងឺទូទៅមួយនៅអាមេរិក ហើយពេលខ្លះអ្នកឆ្លងជំងឺនេះមិនបានដឹងខ្លួនថាបានផ្ទុកមេរោគឡើយ។ ជាក់ស្តែងតាមការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលអាមេរិកបានរកឃើញថា ក្នុងអំឡុងពេលរួមភេទនោះបុរសជាអ្នកបង្កជំងឺមិនបានដឹងថា គាត់មានផ្ទុកជំងឺ Human papillomavirus (HPV) ឡើយ ដោយគាត់បានពិនិត្យសុខភាពឃើញត្រឹមថាគាត់មានជំងឺមហារីកបំពងក តែក្រោយមកទើបគេរកឃើញថាជំងឺមហារីកបំពងករនោះបង្កឡើងដោយគាត់មានផ្ទុកមេរោគនៃជំងឺកាមរោគ Human papillomavirus (HPV)។ នៅចំពោះមុខរឿងរ៉ាវដ៏កម្រនេះស្រ្តីរងគ្រោះបានប្តឹងទាមទារសំណងចំនួន ៩,៩លានដុល្លារពីក្រុមហ៊ុនធានារ៉ាប់រងរថយន្តពីបទ “មានការខាតបង់និងបានទទួលផលប៉ះពាល់ពីរថយន្ត” សម្រាប់គ្របដណ្តប់លើការចំណាយទិញថ្នាំពេទ្យនិងសងជំងឺចិត្តចំពោះការឈឺចាប់ទាំងផ្លូវចិត្តនិងផ្លូវកាយក្នុងពេលអតីតកាលនិងពេលអនាគត។ យ៉ាងណាក្តី ក្រោយការសម្របសម្រួលស្រ្តីរងគ្រោះព្រមទទួលយកប្រាក់រង្វាន់ត្រឹម ៥,២លានដុល្លារ ខណៈការផ្តល់ប្រាក់រង្វាន់នេះក៏ត្រូវទទួលរងនូវការរិះគន់មួយចំនួនផងដែរ ដ្បិតវាគឺជាករណីប្តឹងនិងផ្តល់ប្រាក់សំណងដ៏ចម្លែកបំផុត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






