ការនាំចេញគីមីឥន្ទនៈរបស់កូរ៉េខាងត្បូងធ្លាក់ចុះ៩០% ក្រោយការធ្វើកូដកម្មទាមទារដំឡើងប្រាក់ឈ្នួលរបស់ក្រុមអ្នកដឹកជញ្ជូនឈានចូលដល់ថ្ងៃទី៧
- BY
- Pheakdey
- June 13, 2022
កូរ៉េខាងត្បូង៖ ការនាំចេញគីមីឥន្ទនៈរបស់កូរ៉េខាងត្បូងបានធ្លាក់ចុះរហូតដល់ ៩០% ក្រោយការធ្វើកូដកម្មរបស់ក្រុមអ្នកដឹកជញ្ជូនបានឈានចូលដល់ថ្ងៃទី ៧ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទទី១៣ ខែមិថុនានេះ។ បើតាមសមាគមឧស្សាហកម្មគីមីឥន្ធនៈកូរ៉េបានបញ្ជាក់ថា បញ្ហាខាងលើនេះមិនត្រឹមតែធ្វើឲ្យប៉ពាល់ក្រុមហ៊ុនប្រេងឥន្ទនៈនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ តែក្រុមហ៊ុនផលិតរថយន្ត ស៊ីម៉ង់និងក្រុមហ៊ុនផលិតដែកថែបមួយចំនួនក៏បានសម្រេចកាត់បន្ថយបរិមាណផលិតរបស់ខ្លួនដែរដោយសារបញ្ហាដឹកជញ្ជូន ដ្បិតប្រព័ន្ធដឹកជញ្ជូននៅតាមកំពង់ផែបានកកស្ទះដោយគីមីឥន្ទនៈយ៉ាងច្រើនរួចទៅហើយ។

គួរបញ្ជាក់ជូនថា ក្រុមអ្នកដឹកជញ្ជូននៅក្នុងប្រទេសកូរ៉េខាងត្បូងបាននាំគ្នាធ្វើកូដកម្មនៅទូទាំងប្រទេសដើម្បីទាមទារដំឡើងប្រាក់ឈ្នួល និងទាមទារឲ្យរដ្ឋាភិបាលត្រូវកំណត់ការធានាប្រាក់ឈ្នួលអប្បបរមាមួយចំពោះគ្រប់អ្នកធ្វើការងារនៅក្នុងវិស័យដឹកជញ្ជូននេះផងដែរ។ គិតត្រឹមពេលនេះសហជីពសាមគ្គីភាពអ្នកដឹកជញ្ជូនកូរ៉េខាងត្បូងបានជួបពិភាក្សាជាមួយដំណាងរដ្ឋាភិបាលចំនួន ៤ដងរួចហើយដើម្បីដោះស្រាយបញ្ហាចម្រូងចម្រាសមួយនេះ តែយ៉ាងណាក្តីគេនៅមិនទាន់ទទួលបានដំណោះស្រាយសមស្របណាមួយនៅឡើយទេ។ សូមបញ្ជាក់ជូនផងដែរថា បញ្ហារសើបមួយនេះបានកើតឡើងក្រោយកូរ៉េខាងត្បូងបានជួបប្រទះនឹងវិបត្តិអតិផរណាដ៏ខ្ពស់មួយ ពោលគឺកើនឡើងក្នុងកម្រិត ៤,៨% ជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






