ជំងឺអ៊ុតស្វា Monkeypox ទំនងជាអាចចម្លងតាមរយៈការរួមភេទ ព្រោះគេបានរកឃើញសំណាកមេរោគនៅក្នុងទឹកកាមរបស់អ្នកជំងឺជាច្រើននាក់
- BY
- Pheakdey
- June 14, 2022
អ៊ីតាលី៖ បច្ចុប្បន្នភាពនៃជំងឺអ៊ុតស្វា Monkeypox នៅតែជាប្រធានបទក្តៅមួយសម្រាប់បណ្តាញសារព័ត៌មានអន្តរជាតិធំៗនៅជុំវិញពិភពលោក ជាក់ស្តែងកាសែត Straits Times នៅថ្ងៃអង្គារ ទី១៤ ខែមិថុនានេះបាយរាយការណ៍ថា មេរោគនៃជំងឺអ៊ុតស្វា Monkeypox ទំនងជាអាចចម្លងតាមការរួមភេទ។ ការចុះផ្សាយនេះត្រូវបានធ្វើឡើងដោយផ្អែកទៅលើការសិក្សាមួយ ដែលក្រុមអ្នកវិទ្យាសាស្រ្តបានរកឃើញថា សំណាកនៃមេរោគជំងឺអ៊ុតស្វា Monkeypox ត្រូវបានរកឃើញនៅក្នុងទឹកកាមរបស់ជំងឺជាច្រើននាក់នៅក្នុងប្រទេសអ៊ីតាលី។

ប្រភពខាលើបានបន្តថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅក្នុងវិទ្យាស្ថាន Spallanzani Institute ដែលមានមូលដ្ឋាននៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ខណៈនៅក្នុងការសិក្សានោះគេបានពិនិត្យទឹកកាមរបស់អ្នកជំងឺចំនួន ៧នាក់ហើយក្នុងនោះមានអ្នកជំងឺចំនួន ៦នាក់ត្រូវបានគេរកឃើញសំណាកមេរោគជំងឺអ៊ុតស្វា Monkeypox នៅក្នុងទឹកកាមរបស់ពួកគាត់។ គួររម្លឹកជូនថា នាពេលកន្លងគេបានដឹងច្បាស់ត្រឹមថាជំងឺអ៊ុតស្វា Monkeypox អាចចម្លងតាមរយៈការប៉ះពាល់ជិតស្និតជាមួយអ្នកជំងឺដូចជាប៉ះពាល់ស្បែក ប៉ះពាល់ទឹករងៃ និងការប្រើប្រាស់ពូក ឬកន្សែងរួមគ្នាជាមួយអ្នកជំងឺជាដើម។ សូមបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះជំងឺអ៊ុតស្វា Monkeypox បានបង្កការចម្លងទៅកាន់មនុស្សជាង ១៣,០០០ករណីហើយ នៅក្នុងប្រទេសចំនួន ៣០ផ្សេងគ្នានៅជុំវិញពិភពលោក ដោយមិនរាប់បញ្ចូលបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងដែលជាតំបន់មានការរាតត្បាតជំងឺជាទូទៅនោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Straits Times
- Share This Post:






