អន្តរជាតិ

វិស័យឧស្សាហកម្មកសិកម្មអ៊ុយក្រែនបានខាតបង់ប្រាក់អស់ជាង៤,៣ពាន់លានដុល្លារក្នុងរយៈពេលត្រឹម ៣ខែនៃការឈ្លានពានរបស់រុស្ស៊ី

BY
Pheakdey
June 15, 2022

អ៊ុយក្រែន៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសអ៊ុយក្រែនបានខាតបង់សេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ប្រមាណជា ៤,៣ពាន់លានដុល្លារអាមេរិកពីវិស័យឧស្សាហកម្មកសិកម្មដោយគិតចាប់តាំងពីមានការឈ្លានពានពីសំណាកកងទ័ពរុស្ស៊ីមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strains Times នៅព្រឹកថ្ងៃពុធ ទី១៥ ខែមិថុនានេះ។ របាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវចំនួន ៣រូបប្រចាំនៅសាលាសេដ្ឋកិច្ចទីក្រុងកៀវ Kyiv School of Economics រួមមានលោកសាស្ត្រាចារ្យ Roman Neyter លោកសាស្ត្រាចារ្យ Hryhorii Stolnikovych និងលោកសាស្ត្រាចារ្យ Oleg Nivievskyi។

Ukraine's farmers facing ruin as Russians leave animals slaughtered and fields mined

នៅក្នុងរបាយការណ៍សេដ្ឋកិច្ចមួយនេះបានបញ្ជាក់ថា នៅក្នុងវិស័យឧស្សាហកម្មកសិកម្មដែលបានរងនូវការបំផ្លិចបំផ្លាញដោយសារឥទ្ធិពលសង្គ្រាមនោះត្រូវបានបែងចែកជា ៣កត្តាមានដូចជា ការបំផ្លាញដីសម្រាប់ធ្វើកសិកម្ម ការបំផ្លាញឬកាន់កាប់គ្រឿងយន្តសម្រាប់ធ្វើកសិកម្ម និងការបំផ្លាញកសិដ្ឋានសម្រាប់ចិញ្ចឹមសត្វជាដើម។ របាយការណ៍បានបញ្ជាក់ទៀតថា ពាក់កណ្តាលនៃការបំផ្លិចបំផ្លាញខាងលើនេះគឺបណ្តាលមកពីការបំពុលដោយគ្រាប់មីននិងកខ្វះលទ្ធភាពក្នុងការប្រមូលផលកសិកម្ម ខណៈ ១ភាគ៤ នៃការបំផ្លិចបំផ្លាញពីបណ្តាលមកពីកងទ័ពរុស្ស៊ីបានបំផ្លាញនិងកាន់កាប់គ្រឿងយន្តសម្រាប់ធ្វើកសិកម្មរបស់ប្រជាកសិករអ៊ុយក្រែន។ គួរបញ្ជាក់ថា គិតត្រឹមពេលនេះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជាង ៣ខែហើយ បើគិតចាប់ពីថ្ងៃទី២៤ ខែកុម្ភៈដែលជាថ្ងៃចាប់ផ្តើមដំបូងមក៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strains Times

Share This Post: