លោក ចូ បៃឌិន ប្រកាសផ្តល់ជំនួយយោធាតម្លៃ ១ពាន់លានដុល្លារទៅកាន់អ៊ុយក្រែនបន្ថែមទៀត ដើម្បីទប់ទល់នឹងរុស្ស៊ី
- BY
- Pheakdey
- June 16, 2022
អាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន កាលពីថ្ងៃពុធ ទី១៥ ខែមិថុនាម្សិលមិញនេះបានប្រកាសពីការផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃសរុប ១ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែនបន្ថែមទៀត ដើម្បីទប់ទល់ជាមួយនឹងកងទ័ពរុស្ស៊ីដែលកំពុងបន្ថែមការវាយលុកយ៉ាងខ្លាំងចូលក្នុងតំបន់សំខាន់ៗរបស់អ៊ុយក្រែន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា សម្រាប់កញ្ចប់ជំនួយដែលមានតម្លៃ ១ពាន់លានដុល្លារនេះនឹងមានបញ្ចូលនូវប្រព័ន្ធរ៉ុកកែតសម្រាប់បាញ់នាវាចម្បាំង គ្រាប់រ៉ុកកែតសម្រាប់បាញ់ដោយប្រភេទកាំភ្លើងធំ គ្រាប់សម្រាប់បាញ់ក្នុងរយៈចម្ងាយឆ្ងាយ និងអាវុធសំខាន់ៗមួយចំនួនទៀត។

ប្រភពខាងលើបានបន្តថា ការប្រកាសផ្តល់ជំនួយផ្នែកយោធាថ្មីនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតី ចូ បៃឌិន បានសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដើម្បីពិភាក្សាអំពីស្ថានភាពចុងក្រោយនៃការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី។ ក្រៅតែពីបានប្រកាសផ្តល់ជំនួយផ្នែកយោធា នៅក្នុងកិច្ចសន្ទនាដែលមានរយៈពេល ៤១នាទីនោះ លោកចូ បៃឌិន ក៏បានសន្យាផ្តល់ជំនួយផ្នែកមនុស្សធម៌ក្នុងទំហំទឹកប្រាក់ ២២៥លានដុល្លារបន្ថែមទៀតផងដែរ ដោយកញ្ចប់ជំនួយមនុស្សធម៌ថ្មីនោះនឹងមានបញ្ចូលនូវសម្ភារៈវេជ្ជសាស្រ្ត សេវាថែទាំសុខភាព សាច់ប្រាក់សម្រាប់ផ្គត់ផ្គង់ទឹកស្អាត អាហារ ទីជម្រក និងសម្ភារៈចំបាច់មួយចំនួនទៀត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






