ថៃអនុម័តលើគម្រោងបង្កើតច្បាប់អនុញ្ញាតឲ្យមនុស្សស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់
- BY
- Pheakdey
- June 16, 2022
ថៃ៖ ប្រទេសថៃបានបោះជំហ៊ានថ្មីមួយឆ្ពោះទៅកាន់ការបង្កើតច្បាប់អនុញ្ញាតឲ្យពលរដ្ឋដែលមានភេទដូចគ្នាអាចរៀបជាមួយគ្នាបានដោយស្របច្បាប់ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ ដំណឹងដ៏ល្អសម្រាប់អ្នកស្រលាញ់ភេទដូចគ្នានេះបានកើតឡើងបន្ទាប់ពីសភាថៃកាលពីថ្ងៃពុធ ទី១៥ ខែមិថុនា ម្សិលមិញនេះបានបោះឆ្នោតអនុម័តជាបឋមលើគម្រោងបង្កើតច្បាប់សម្រាប់ការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នា ខណៈសេចក្តីសម្រេចនេះនឹងបើកផ្លូវឲ្យគេអាចបង្កើតច្បាប់អនុញ្ញាតឲ្យមាន ការរៀបអាពាហ៍ពិពាហ៍ និងការទទួលស្គាល់សម្ព័ន្ធរដ្ឋប្បវេណីរវាងមនុស្សមានភេទដូចគ្នានៅពេលបន្ទាប់ទៀត។

ភ្លាមៗក្រោយការប្រកាសអនុម័តរបស់សភាថៃគេបានឃើញពលរដ្ឋថៃដែលជាក្រុមមនុស្សស្រលាញ់ភេទដូចជាគ្នាជាច្រើននាក់នាំគ្នាមកសម្តែងការសាទរយ៉ាងសប្បាយរីករាយនៅក្បែរវិមានរដ្ឋសភាថៃ ខណៈរដ្ឋាភិបាលថៃត្រូវការពេលយូរបន្ថែមទៀតទើបអាចបង្កើតច្បាប់ខាងលើនេះឲ្យប្រើប្រាស់ជាផ្លូវការបាន។ គួរបញ្ជាក់ជូនផងដែរថា តាមរយៈគម្រោងបង្កើតច្បាប់ខាងលើនេះថៃនឹងក្លាយជាប្រទេសទីមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសមានការអនុញ្ញាតឲ្យមនុស្សស្រលាញ់ភេទដូចគ្នាអាចរៀបការដោយស្របច្បាប់ជាមួយគ្នាបាន។ អ្នកនាង Nada Chayajit ដែលជាសកម្មជនការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នាម្នាក់បានលើកឡើងថា គាត់ពិតជាសប្បាយចិត្តណាស់ចំពោះការបោះជំហានថ្មីនេះ តែទន្ទឹមគ្នានេះគាត់ក៏មានការបារម្ភខ្លះៗដែរ ព្រោះគម្រោងបង្កើតច្បាប់នឹងត្រូវជួបប្រទះឧបសគ្គជាច្រើន ដ្បិតថៃជាប្រទេសកាន់ពុទ្ធសាសនាដែលសង្គមនៅប្រកាន់ប្រពៃណីបែបចាស់គំរិលនិងអភិរក្សនិយមខ្លាំងនៅឡើយ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






