យោធាស្រីលង្កាបានបើកការបាញ់ប្រហារមួយដើម្បីទប់ស្កាត់ចលនាធ្វើកុបកម្មនៅស្ថានីយ៍លក់ប្រេងឥន្ទនៈ
- BY
- Pheakdey
- June 20, 2022
ស្រីលង្កា៖ ក្រុមយោធាស្រីលង្កាបានបើកការបាញ់ប្រហារមួយ ដើម្បីទប់ស្កាត់ចលនាធ្វើកុបកម្មរបស់ក្រុមប្រជាពលរដ្ឋ ដែលពួកគេបានធ្វើឡើងនៅស្ថានីយ៍លក់ប្រេងឥន្ទនៈមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ស្របពេលដែលរដ្ឋាភិបាលស្រីលង្កាកំពុងប្រឈមនឹងវិបត្តិខ្វះខាតប្រេងឥន្ទនៈខ្លាំងបំផុត។ មុនពេលមានការបាញ់ាកាំភ្លើងគឺមានក្រុមប្រជាពលរដ្ឋចន្លោះពី ២០-៣០នាក់ ដែលមិនអាចរកទិញប្រេងសាំងបាននោះបាននាំគ្នាផ្ទុះកំហឹង និងបានយកដុំថ្មគប់ដាក់រថយន្តរបស់កម្លាំងយោធាទៀតផង។

ប្រភពខាងលើបានបន្តថា នៅក្នុងហេតុការណ៍ខាងលើនេះគ្មានពលរដ្ឋណាម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងរបស់ក្រុមយោធាឡើយ តែផ្ទុយទៅវិញមានទាហ៊ានចំនួន ៣នាក់ និងប៉ូលិសមូលដ្ឋានចំនួន ៤នាក់បានរងរបួសដោយអំពីហិង្សាពីសំណាក់ក្រុមប្រជាពលរដ្ឋ។ សូមរម្លឹកថា តាមរបាយការណ៍កាលចុងសប្តាហ៍កន្លងទៅនេះបានបង្ហាញថា ស្រីលង្កានៅសល់ប្រេងឥន្ទនៈក្នុងស្តុកសម្រាប់ប្រើប្រាស់បានត្រឹមតែរយៈពេល ៥ថ្ងៃទៀតប៉ុណ្ណោះ ខណៈអំឡុងពេលនោះស្រីលង្កាបានដាក់សំណើសុំខ្ចីប្រេងឥន្ទនៈពីប្រទេសឥណ្ឌាដែលមានតម្លៃ ៥០០លានដើម្បីយកមកប្រើប្រាស់ក្នុងគ្រាបន្ទាន់។ នៅចំពោះមុខវិបត្តិធ្ងន់ធ្ងរមួយនេះស្រីលង្កាបានសម្រេចបិទការិយាល័យរដ្ឋាភិបាល សាលារៀន និងស្ថាប័នមួយចំនួយក្នុងរយៈពេល ២សប្តាហ៍ផងដែរ៕



អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






