អន្តរជាតិ

ជំនន់ទឹកភ្លៀងបានឆក់យកជីវិតពលរដ្ឋឥណ្ឌានិងបង់ក្លេដែស ៥៤នាក់ ខណៈជាង ៩លាននាក់ផ្សេងទៀតកំពុងរង់ចាំជំនួយ

BY
Pheakdey
June 21, 2022

ឥណ្ឌា-បង់ក្លាដែស៖ យ៉ាង​ហោចណាស់មានពលរដ្ឋឥណ្ឌានិងបង់ក្លាដែសជាង ៩លាននាក់កំពុងរង់ចាំការជួយសង្គ្រោះបន្ទាប់ពីពួកគាត់ត្រូវរងនូវការគំរាមគំហែងដោយទឹកជំនន់ដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃចន្ទ ទី២០ ខែមិថុនានេះ។ បើតាមលោក Atiqul Haque ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែសបានបញ្ជាក់ថា ទឹកជំនន់បានបង្កឡើងដោយសារមានភ្លៀងធ្លាក់យ៉ាងច្រើនជោគជាំជាច្រើនថ្ងៃជាប់ៗគ្នារហូតជន់លិចបាត់ទន្លេជាច្រើនកន្លែងនិងបន្តលិចចូលក្នុងសហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័ស ខណៈទឹកជំនន់នេះត្រូវបានគេកត់សម្គាល់ថាគឺជាទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានទាល់តែសោះក្នុងរយៈពេល ១២២ឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ជូនថា បង់ក្លាដេលនិងឥណ្ឌាជាប្រទេសមានព្រំដែនជាប់គ្នាហើយគ្រោះទឹកជំនន់តែមួយនេះបានវាយប្រហារចូលក្នុងតំបន់ Sylhet នៃប្រទេសបង់ក្លាដែសផង និងបានជន់លិចចូលទៅក្នុងរដ្ឋ Assam របស់ប្រទេសផងដែរ។ គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋនៃប្រទេសទាំង ២ខាងលើនេះអស់ចំនួន ៥៤នាក់ ​ដោយក្នុងនោះជនរងគ្រោះ ២៦នាក់គឺជាពលរដ្ឋឥណ្ឌា ហើយចំនួនជនរងគ្រោះដោយប្រយោលនៃប្រទេសទាំង ២នេះវិញគឺមានចំនួនជិតដល់ ១០លាននាក់ដោយក្នុងនោះ ៤,៥លាននាក់គឺជាពលរដ្ឋឥណ្ឌា។ នៅចំពោះមុខស្ថានភាពអាសន្ននេះអាជ្ញាធរនៃប្រទេសទាំង ២បានប្រញាប់ប្រញាល់ដាក់ចេញប្រតិបត្តិការណ៍ជួយសង្គ្រោះតាមគ្រប់រូបភាពហើយ តែលទ្ធផលដែលគេអាចទទួលបានវិញគឺមិនដូចការរំពឹងទុកឡើយ ដ្បិតសកម្មភាពនៃការជួយសង្គ្រោះត្រូវរំខានដោយបញ្ហាជាច្រើនដូចជា ភ្លៀងនៅបន្តធ្លាក់ ទឹកបានជន់លិចផ្លូវសម្រាប់ធ្វើដំណើរទៅកាន់សហគមន៍របស់ប្រជាពលរដ្ឋ ហើយដីនៅតំបន់ខ្លះត្រូវបាក់ស្រុតអស់ទៀតផង៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: