អន្តរជាតិ

UN និយាយថា ផែនការកាត់ទោសប្រហារជីវិតអ្នកនយោបាយ ៤នាក់របស់យោធាមីយ៉ាន់ម៉ាអាចនឹងក្លាយជាឧក្រិដ្ឋកម្មសង្គ្រាមឬបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

BY
Pheakdey
June 21, 2022

មីយ៉ាន់ម៉ា៖ មន្ត្រីនៃអង្គការសហប្រជាជាតិម្នាក់បាននិយាយថា ផែនការកាត់ទោសប្រហារជីវិតរបស់យោធាមីយ៉ាន់ម៉ាអាចនឹងមានស្ថានទម្ងន់ទោសស្មើនឹងបទឧក្រិដ្ឋកម្មសង្គ្រាម ឬបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមិថុនានេះ។ មន្ត្រីដែលបានលើកឡើងនូវទឡ្ហីករណ៍ខាងលើនេះគឺលោក Nicholas Koumjian មានតួនាទីជាប្រធានយន្តការស៊ើបការអង្គេតឯករាជ្យរបស់អង្គការសហប្រជាជាតិ និងជាបុគ្គលសំខាន់ម្នាក់ដែលបានតាមដានស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាយ៉ាងយកចិត្តទុកដាក់និងស៊ីជម្រៅបំផុតចាប់តាំងពីយោធាមីយ៉ាន់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់មក។

គួររម្លឹកជូនថា កាលពីថ្ងៃទី៣ ខែមិថុនាកន្លងទៅនេះ ក្រុមយោធាមីយ៉ាន់ម៉ាបានប្រកាសពីគម្រោងកាត់ប្រហារជីវិតអ្នកនយោបាយចំនួន ៤នាក់ ក្រោមបទឧក្រិដ្ឋភេរវកម្ម។ អ្នកនយោបាយទាំង ៤នាក់នោះគឺជាអតីតសមាជិកសភាមកពីគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី ហើយពួកគាត់គឺជាសកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ សូមបញ្ជាក់ជូនថា ប្រសិបបើយោធាមីយ៉ាន់ម៉ាពិតជាកាត់ទោសប្រហារជីវិតក្រុមអ្នកនយោបាយទាំង ៤រូបនេះមែន វាក៏ក្លាយជាការទោសប្រហារជីវិតលើកដំបូងនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ បើគិតចាប់តាំងពីឆ្នាំ​១៩៩០មក៕

 Myanmar executions could be war crimes: UN - GulfToday

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: