អន្តរជាតិ

អ្នកដំណើរ ៣នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ ក្រោយយន្តហោះមួយគ្រឿងចុះចតខុសបច្ចេកទេស ហោះទៅបុកអាគារ និងប៉មសម្រាប់ទំនាក់ក្នុងព្រលានយន្តហោះ

BY
Pheakdey
June 22, 2022

អាមេរិក៖ យ៉ាងហោចណាស់មានអ្នកដំណើរចំនួន ៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ក្នុងឧប្បត្តិហេតុមួយដែលមានយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានចុះចតខុសបច្ចេកទេសហើយបានហោះទៅបុកអាគារតូចមួយនិងប៉មសម្រាប់ទំនាក់ទំនងនៅក្នុងទីធ្លានៃព្រលានយន្តហោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះ Miami Airport សហរដ្ឋអាមេរិក កាលពីល្ងាចថ្ងៃអង្គារ ទី២១ ខែមិថុនា ម្សិលមិញនេះ ខណៈយន្តហោះដែលបានជួបគ្រោះថ្នាក់នោះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Dominican។

ប្រភពខាងលើបានបន្តថា នៅលើយន្តហោះមានផ្ទុកមនុស្សសរុបចំនួន ១៣៧នាក់ ដោយក្នុងនោះមនុស្សចំនួន ១២៦នាក់គឺជាអ្នកដំណើរ និង ១១នាក់ផ្សេងទៀតគឺជាក្រុមអ្នកបើកបរនិងអ្នកបម្រើការងារនៅលើយន្តហោះ។ គ្រោះថ្នាក់បានកើតមាននៅពេលដែលយន្តហោះបានធ្វើដំណើរខ្ទាតចេញពីលើផ្លូវសម្រាប់រត់ ហើយក៏បានបន្តទៅបុកអាគារតូចមួយ និងប៉មសម្រាប់ទំនាក់ទំនងដែលមាននៅក្នុងបរិវេននៃព្រលានយន្តហោះតែម្តង។ នៅក្នុងហេតុការណ៍នោះបានបង្កឲ្យផ្នែកខាងមុខនៃយន្តហោះត្រូវមានអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង តែយ៉ាងណាក្តីយន្តហោះមិនបានផ្ទុះនោះទេព្រោះតែគេអាចជួយសង្គ្រោះបានទាន់ពេលវេលា។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ ក្រៅតែពីមានអ្នករងរបួសចំនួន ៣នាក់ ហើយលោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖

អត្ថបទ៖ ភក្តី

ប្រភព៖​ Daily Mail

Share This Post: