អន្តរជាតិ

ថៃណែនាំឲ្យពលរដ្ឋប្រើប្រាស់ចង្ក្រានឡូវប្រភេទថ្មីមួយយកមកដាំស្ល ដើម្បីឆ្លើយតបនឹងបញ្ហាឡើងថ្លៃនៃតម្លៃហ្គាស

BY
Pheakdey
June 23, 2022

ថៃ៖ អាជ្ញាធរថៃបានបានណែនាំឲ្យប្រជាពលរដ្ឋខ្លួនប្រើប្រាស់ចង្ក្រានឡូវប្រភេទថ្មីមួយដើម្បីឆ្លើយតបនឹងបញ្ហាឡើងថ្លៃនៃតម្លៃហ្គាសសម្រាប់ប្រើប្រាស់ក្នុងការចម្អិនម្ហូបអាហារ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២២ ​ ខែមិថុនាម្សិលមិញនេះ។ បើតាមនាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសថៃបានហៅចង្ក្រាននោះថា “ចង្រ្កានឡូវទំនើប” ព្រោះតែវាមានលក្ខណៈពិសេសជាច្រើនចំណុច បើធៀបជាមួយនឹងចង្រ្កានឡូវធម្មតា ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ “ចង្រ្កានឡូវទំនើប” អាចផ្តល់កម្តៅខ្លាំងជាងចង្ក្រានឡូវធម្មតា ២៩% ខណៈវាអាចជួយសន្សំសំចៃធ្យូងបានចន្លោះពី ៣០-៤០%ឯណោះ។

បើតាមលោក Prasert Sinsukprasert ដែលជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍និងប្រសិទ្ធភាពថាមពលជំនួសបានបញ្ជាក់ថា “ចង្រ្កានឡូវទំនើប” អាចប្រើប្រាស់បានជាមួយនឹងឆ្នាំងចំនួន ៩ទំហំផ្សេងគ្នា ចាប់ពីទំហំ១៦ រហូតដល់ ៣២ មានអាយុកាលបើប្រាស់បានជាង ២ឆ្នាំ ហើយចង្ក្រាននេះមិនបញ្ចេញផ្សែងឬឧស្ម័នពុលដូចចង្ក្រានហ្គាសនោះទេ ខណៈតម្លៃរបស់វាវិញគឺត្រូវបានគេដាក់លក់ក្នុងចន្លោះពី ២០០-២៥០បាត (៥,៦-៧ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

លោកប្រធាននាយកដ្ឋានរូបនេះបានបន្តថា ការប្រើប្រាស់ “ចង្រ្កានឡូវទំនើប” នឹងជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋបានចន្លោះពី ៥០០-៦០០បាត (១៥-១៧ ដុល្លារអាមេរិក) សម្រាប់ផ្ទះមួយនិងក្នុងរយៈពេល ១ឆ្នាំ ហើយបើគិតជាសរុបសម្រាប់ផ្ទះរាប់លានកន្លែងនោះគឺវាអាចជួយសន្សំសំចៃប្រាក់បានយ៉ាងច្រើន និងវាក៏បានចូលរួមចំណែកថែរក្សាបរិស្ថានបានយ៉ាងល្អផងដែរ។

សូមបញ្ជាក់ជូនថា ការណែនាំឲ្យមានការប្រើប្រាស់ “ចង្រ្កានឡូវទំនើប” គឺត្រូវបានធ្វើឡើងក្រោយតម្លៃហ្គាសនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុក ដោយបច្ចុប្បន្ននេះហ្គាសទម្ងន់ ១៥គីឡូក្រាមមានតម្លៃ ៣៦៣បាត (១០,២៥ដុល្លារអាមេរិក) ហើយនៅខែក្រោយតម្លៃហ្គាសទម្ងន់ដដែលនេះនឹងកើនឡើងដល់ ៣៧៨បាត (១០,៦៧ ដុល្លារអាមេរិក) ហើយនៅខែបន្ទាប់ទៀតនឹងបន្តកើនឡើងរហូតដល់ ៤០៨បាត (១១,៥២ដុល្លារអាមេរិក) ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: