អន្តរជាតិ

ការប្រយុទ្ធគ្នានៅតំបន់ Donbas ឈានដល់កម្រិតគួរឲ្យភ័យខ្លាចបំផុតមួយ ក្រោយអ៊ុយក្រែនក្លាយជាបេក្ខភាពសមាជិកនៃសភាពអឺរ៉ុប

BY
Pheakdey
June 24, 2022

អ៊ុយក្រែន៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមិថុនានេះបានឲ្យដឹងថា ការប្រយុទ្ធគ្នានៅតំបន់ Donbas រវាងកងទ័ពនៃប្រទេសអ៊ុយក្រែននិងកងទ័ពនៃប្រទេសរុស្ស៊ីបានឈានដល់កម្រិតគួរឲ្យភ័យខ្លាចបំផុតហើយ បន្ទាប់ពីប្រទេសអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកនៃសភាពអឺរ៉ុប។ គួររម្លឹកជូនថា គឺកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនាម្សិលមិញនេះប្រទេសអ៊ុយក្រែនបានបោះជំហ៊ានជាប្រវត្តិមួយ ពោលគឺអ៊ុយក្រែនទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុបហើយ ក្រោយពីបានដាក់ពាក្យស្នើសុំកាលពីពេលថ្មីៗនេះ។

នៅចំពោះមុខការទទួលបានសិទ្ធជាបេក្ខភាពសមាជិកសភាពអឺរ៉ុបនេះ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានបង្ហោះសារអបអរសាទរនៅលើបណ្តាញសង្គម Twitter និងបានបញ្ជាក់ថា “អនាគតរបស់ប្រទេសអ៊ុយក្រែនគឺស្ថិតនៅក្នុងសហភាពអឺរ៉ុប”។ ឆ្លើយតបនឹងសារខាងលើនេះលោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានបង្ហោះសារលើបណ្តាញសង្គម Twitter ផងដែថា “អនាគតរបស់ពួកយើងគឺនៅជាមួយគ្នា”។ យ៉ាងណាក្តី ក្រោយទទួលបានសិទ្ធជាបេក្ខភាពនេះ អ៊ុយក្រែននឹងត្រូវការពេលវេលាអនុវត្តតាមវិធីរបស់សភាពអឺរ៉ុបក្នុងរយៈពេលយូរទៀតទើបអាចក្លាយជាសមាជិកផ្លូវការរបស់សហភាពអឺរ៉ុបបាន។ គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ២៤ ខែមិថុនានេះគឺសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីបានអូសបន្លាយចូលដល់ខែទី ៤ហើយ ដោយសង្គ្រាមនេះបានចាប់ផ្តើមកាលពីថ្ងៃទី ២៤ ខែកុម្ភៈ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: